(ភ្នំពេញ)៖ ឆ្លើយបតនឹងមតិមួយចំនួន ដែលលើកឡើងថា សំណង់ខុនដូនៅកម្ពុជា បច្ចុប្បន្នកើនឡើងខ្លាំង លើសពីតម្រូវការនោះ, លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវការខុនដូច្រើនជាងពេលបច្ចុប្បន្នពី៥ ទៅ​១០ដងទៀតនាពេលខាងមុខ ព្រោះចំនួនខុនដូនាពេលបច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការ នាពេលអនាគតពី៣ ទៅ៥ឆ្នាំទៀតនោះទេ។

ការលើកឡើងរបស់លោកបណ្ឌិត គីម ហ៊ាង បានធ្វើឡើងនាឱកាសដែលលោកអញ្ចើញ ចូលរួមក្នុងកិច្ចសម្ភាសន៍ កម្មវិធីសង្គម និងសេដ្ឋកិច្ច របស់អង្គភាព Fresh News។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងយ៉ាងដូច្នេះថា «​នៅកម្ពុជាវិស័យខុនដូនៅតែស្រែកឃ្លាន នៅតែមានតម្រូវការ ហើយខុនដូនៅភ្នំពេញមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការ ដែលយើងត្រូវការនៅឡើយទេ យើងត្រូវការសាងសង់ខុនដូ ច្រើនជាងពេលបច្ចុប្បន្នពី៥ ទៅ​១០ដងទៀត ដោយសារតែដីកាន់តែថ្លៃ តម្លៃផ្ទះល្វែងថ្លៃពេក ដូច្នេះហើយត្រូវសាងសង់ខុនដូ ដើម្បីចែកគ្នានៅ ព្រោះវាធូរថ្លៃ»

លោកបានបន្ត​ថា​ ខុនដូនៅថ្ងៃខាងមុខ នឹងមិនមានតម្លៃថ្លៃ ដូចពេលបច្ចុប្បន្ននេះទេ ខណៈដែលបច្ចុប្បន្ននេះ ខុនដូមានតម្លៃថ្លៃ គឺដោយសារតែអ្នកសាងសង់ មានឱកាសចំណេញលុយច្រើន ​ប៉ុន្តែភាគរយ ចំណេញនឹងថយចុះនៅពេល ដែលមានក្រុមហ៊ុនសាងសង់ច្រើន។

អ្នកជំនាញរូបនេះបានអះអាងថា ​បច្ចុប្បន្ននេះប្រជាជនដែលទិញខុនដូ គឺមានការប្រែប្រួលជាងមុន ព្រោះពីមុន គឺប្រជាជនទិញខុនដូផ្អើលតាមគ្នា ប៉ុន្តែឥឡូវពួកគាត់មានការយល់ដឹងច្រើន ពីការទិញខុនដូរ​ ដោយពួកគាត់គិតគូរច្បាស់លាស់មុន នឹងធ្វើការសម្រេចចិត្តទិញ៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ទាំងស្រុង៖