(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការផលិតភាព កម្ពុជា (គ.ផ.ក) បានដឹកនាំកិច្ចប្រជុំលើកទី៥ ដើម្បីពិនិត្យ ពិភាក្សាលើលទ្ធផលសិក្សាស្រាវជ្រាវរបស់លេខាធិការដ្ឋាន គ.ផ.ក ក្នុងឆ្នាំ ២០១៧។
កិច្ចប្រជុំនេះ រៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមពីលោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាអនុប្រធាន គ.ផ.ក, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន គ.ផ.ក, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាសមាជិក គ.ផ.ក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង-ស្ថាប័នដែលជាសមាជិក គ.ផ.ក និង វិស័យឯកជន។
ដើម្បីឆ្លើយតបទៅលើគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥, គោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាល៖ កំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព ក៏ដូចជាការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច និង ប្រជាសាស្រ្តនៅប្រទេសកម្ពុជា, គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាទៅលើលទ្ធផលសិក្សាស្រាវជ្រាវរបស់ លេខាធិការដ្ឋាន គ.ផ.ក ដើម្បីបានជាក្របខណ្ឌគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ក្នុងការជំរុញឱ្យសម្រេចបាន កំណើន, ផលិតភាពពលកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនោះ ការស្រាវជ្រាវលើ៖ ១) ឥទ្ធិពលប្រាក់ឈ្នួល អប្បបរមាលើសុខុមាលភាព និងផលិតភាពពលកម្មរបស់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និង ផលិតស្បែកជើង នៅកម្ពុជាឆ្នាំ ២០១៧ និង ២) សេដ្ឋកិច្ចពលកម្មៈ ការងារ ទីផ្សារពលកម្ម និងផលិតភាពជាតិ។
ការសិក្សាស្រាវជ្រាវលើប្រធានបទខាងលើ គឺជាការសិក្សាបែបវិទ្យាសាស្រ្ត មានលក្ខណៈវិជ្ជាជីវៈ, ដោយមានកិច្ចសហប្រតិបត្តិការអន្តរក្រសួង-ស្ថាប័ន, ការចុះអង្កេតនៅតាមបណ្តារោងចក្រ ព្រមទាំងការសិក្សាបទពិសោធន៍នៃប្រទេសជិតខាង និងប្រទេសក្នុងតំបន់។
កិច្ចប្រជុំបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់លេខាធិការដ្ឋាន គ.ផ.ក និងបានផ្តល់អនុសាសន៍ណែនាំ សម្រាប់វិធានការប្រតិបត្តិបន្តរួមមាន៖
១៖ បន្តកែលម្អការសិក្សាស្រាវជ្រាវ ដោយផ្តោតលើឥទ្ធិពលនៃកម្រិតប្រាក់ឈ្នួលអប្បបរមា និងភាពប្រកួត ប្រជែងសេដ្ឋកិច្ចរបស់កម្ពុជា។
២៖ ធ្វើការប្រៀបធៀបជាមួយប្រទេសជិតខាង ទៅលើលទ្ធភាព និងសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច។
៣៖ បន្តស្រាវជ្រាវលើស័ក្តិសិទ្ធភាពនៃអភិបាលកិច្ចល្អ ដើម្បីឆ្លើយតបទៅលើការប្រកួតប្រជែង ស្របតាមក្របខណ្ឌនីតិរដ្ឋ។
៤៖ សិក្សាប្រៀបធៀបរវាងគំរូធុរកិច្ច (Business Model) និងវប្បធម៌គ្រប់គ្រង (Management Culture) របស់រោងចក្រកាត់ដេរនៅកម្ពុជា។
៥៖ បន្តសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ និងផ្តល់អនុសាសន៍ឱ្យកាន់តែមុតស្រួច ដើម្បីគាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងនិន្នាការរយៈពេលខ្លី, មធ្យម និងវែង៕