(ត្បងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការរីកចម្រើនទាំង វិស័យពុទ្ធិចក្រ និងអាណាចក្រ គឺពឹងផ្អែកលើកត្តាស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង។
ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងពិធី សម្ពោធដាក់ឲ្យដំណើរការសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគម នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគម បានបង្កើតឡើងដោយមានការចូលរួម បច្ច័យរបស់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា នៅវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគមនេះ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនជំនាន់ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ហើយសង្គ្រាមបានបង្កវិនាសកម្ម សោកនាដកម្ម អន្តរាយហិនហោចប្រទេសជាតិគ្រប់បែបយ៉ាង ជាក់ស្តែងបានបន្សល់ទុក ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនអនាថាគ្មានទីពឹងជាដើម។
រដ្ឋមន្រ្តី វង សូត បន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា បានអភិវឌ្ឍន៍ខ្លួនជាប្រទេស ដែលមានចំណូលគួរសម បើប្រៀបធៀបជាមួយបណ្តាប្រទេស ក្នុងតំបន់នៅអាស៊ី និងបន្តការអភិវឌ្ឍលើគ្រប់វិស័យដោយឥតឈប់ឈរ ប៉ុន្តែដើម្បីរក្សាបាននូវការរីកចម្រើននេះ ត្រូវពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង។
លោក វងសូត បានបន្តថា ដើម្បីថែរក្សាការពារសុខសន្តិភាពនេះ បានចាំបាច់ត្រូវពឹងផ្អែកឲ្យមានការចូលរួម ពីប្រជាពលរដ្ឋទាំងប្រទេស ឲ្យចូលរួមសហការ ដោយពុំចាំបាច់ចំណាយអ្វីទាំងអស់ គឺគ្រាន់តែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដើម្បីបន្តគ្រប់គ្រងប្រទេស ព្រោះមានតែសម្តេចទេ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសកម្ពុជា ទាំងធនធានមនុស្ស នឹងធនធានដទៃទៀត។ ជាពិសេសសូមប្រជាពលរដ្ឋកុំជឿតាមការញុះញង់ លាបពណ៌ បំបែកបំបាក់ នាំឲ្យមានការប្រកាន់ពូជសាសន៍ ព្រោះជាហេតុបណ្តាលឲ្យមានការបែកបាក់សាមគ្គីជាតិ។
ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគធនធានថវិកា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ការរៀបចំចាក់ដីក្នុងទីធ្លាវត្ត សាងសង់ផ្លូវបេតុង សាងសង់សាលាឆាន់ និងសាលាបាលី ដែលចំណាយអស់ថវិកាសរុបចំនួន២៧១,៣៨០,០០០រៀល ក្នុងទីអារាមនេះ និងបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះតទៅ ។
បើតាមរបាយការណ៍របស់ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា វត្តគិរីវណ្ណរាម ជ័យនិគមនេះ បានចាប់ផ្តើមកសាងឆ្នាំ១៩៥៣ លើផ្ទៃដីទំហំ១២០ម៉ែត្រក្រឡា បើគិតមកដល់សព្វថ្ងៃ គឺមានអាយុកាលប្រមាណ៦៥ឆ្នាំមកហើយ និងមានព្រះគ្រូចៅអធិការដឹងនំាទាំងអស់សរុបចំនួន៨ព្រះអង្គ រួចមកហើយ។
ចាប់ពីឆ្នំា២០១៣ រហូតដល់បច្ចុប្បន្ន ក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការ ព្រះមាន ស៊ិនយ៉ុង ពិចិត្រ ព្រះអង្គរៀបចំចាក់ដីក្នុងទីធ្លាវត្ត សាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង៦ម៉ែត្រ គុណ ១០ម៉ែត្រ សាងសង់បន្ថែមសាលាឆាន់ទំហំ៥ម៉ែត្រ គុណ ២២ម៉ែត្រ និងសាងសង់បាលី ១ខ្នង ២ជាន់ ទទឹង ៩.៥០ម៉ែត្រ បណ្តោយ១៩.៥០ម៉ែត្រ អស់ទឹកសរុបចំនួន២៧១,៣៨០,០០០រៀល ដែលសមិទ្ធផលទាំងអស់នេះ ត្រូវបានសម្ពោធឆ្លងនាពេលនេះផងដែរ៕