(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កាលពីអតីតកាលកម្ពុជា ជាប្រទេសទទួលជំនួយផ្នែក បោសសម្អាតមីន ពីបណ្តាប្រជាមិត្ត និងតែងតែបញ្ជូនសិក្ខាកាមទៅសិក្សានៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយ ទៅជាប្រទេស ដែលបទពិសោធន៍ មានសមត្ថភាព បោសសម្អាតមីន និងបានប្រែក្លាយទៅជាប្រទេស ដែលហ្វឹកហ្វឺនគ្រូបង្គោលបោស សម្អាតមីនដល់សិក្ខាកាមនៅក្នុងតំបន់និងពិភពលោក ព្រមទាំងបានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅបំពេញបេសកកម្មនៅតាមប្រទេសនានា ដែលរងគ្រោះដោយសារគ្រាប់មីនជាបន្តបន្ទាប់។
ការអះអាងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញ បោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព អបស នៅទីស្តីគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងនាយទាហាន ពលទាហាន សិក្ខាកាមទើបបញ្ចប់វគ្គហ្វឹកហ្វឺនយ៉ាងច្រើនកុះករផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ កិត្តិយសកម្ពុជា បានសម្រេចដោយជោគជ័យ ដោយបានប្រែក្លាយជា មជ្ឈមណ្ឌលហ្វឹកហ្វឺនគ្រូបង្គោលមួយ ដែលជាមោតនភាពណាស់ ពិភពលោកមិនត្រឹមតែទទួលស្គាល់សមត្ថភាព ផ្នែកបោសសម្អាតមីនរបស់កម្ពុជា មិនមែនត្រឹមតែប្រទេសរបស់ខ្លួននោះទេ គឺបានរីកសោះសាយ ទៅដល់បណ្តាប្រទេសមួយចំនួនដែលកម្ពុជា បានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅបំពេញភារកិច្ច ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កងកម្លាំងរបស់កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន នៅតាមបណ្តាប្រទេសទាំងនោះ តែងតែទទួល បាននូវការកោតសសើរយ៉ាងខ្លាំងពីសំណាក់បរទេសថា ពោរពេញទៅដោយបទពិសោធន៍ និងសមត្ថភាពខ្ពស់ហើយ ដូច្នេះហើយបានជាកម្ពុជា ប្រែក្លាយពីប្រទេសបញ្ជូនសិក្ខាកាម ទៅសិក្សានៅបរទេសផ្នែកបោសសម្អាតមីន មកជាប្រទេសមួយដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះវគ្គ ហ្វឹកហ្វឺនបណ្តុះបណ្តាល គ្រូបង្គោលបោសសម្អាតមីននៅក្នុងតំបន់ នៅពិភពលោក ក្នុងរយៈពេលដ៏ខ្លីនេះ។
សម្តេចពីជ័យ បានបញ្ជាក់ថា នៅឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងបើកវគ្គហ្វឹកហ្វឺនដល់សិក្ខាកាម នៅក្នុងតំបន់អាស៊ាន និងតំបន់បន្តទៀតដើម្បីចូលរួមចំណែក បោសសម្អាតមីនគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់បន្សល់ពីសម័យសង្គ្រាមផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា វគ្គគ្រូបង្គោលជំនាញបោសម្អាតមីន សម្រាប់គាំទ្របេសកកម្មរក្សាសន្តិភាព របស់អង្គការសហ ប្រជាជាតិ ត្រូវបានផ្តួចផ្តើម ដោយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព និងបេសកកម្មសហប្រតិបត្តិការការពារ និងសន្តិសុខបារាំង រួមសហការជាមួយសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន UNDP អាជ្ញាធរមីន (CMAA) មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់បេសកកម្មមីន (ARMAC) និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានរៀបចំវគ្គហ្វឹកហ្វឺនលើកទី២ លើកទី១ កាលពីខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសិក្ខាកាមមកពីតំបន់អាស៊ាន និងតំបន់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កម្ពុជាមានឆន្ទៈធ្វើការផ្សព្វផ្សាយពីច្បាប់នានា របស់អង្គការសហប្រជាជាតិ សម្រាប់កិច្ចសហប្រតិបត្តិការចែករំឡែក បទពិសោធន៍រវាងប្រទេសជឿនលឿន ដើម្បីបង្កើនកម្រិតកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន កាត់បន្ថយអត្រាជនរងគ្រោះ ដោយសារគ្រប់មីនលើពិភពលោក លើកកម្ពស់គុណភាពជីវិតរបស់ជនពិការ ដោយសារគ្រាប់មីន និងដើម្បីឈានទៅរកពិភពលោកមួយដែលគ្មានមីន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្ពុជា មានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕