(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា គ្រោងនឹងចាត់វិធានការធ្ងន់ធ្ងរ ចំពោះគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលបានបង្កើនតម្លៃសេវាផ្សេងៗរបស់ខ្លួន ពីពលរដ្ឋទៅខ្ចីប្រាក់ ព្រោះថា ទង្វើទាំងនេះធនាគារជាតិ បានចាត់ទុកថាជា ការមិនគោរពនូវគោលការណ៍ របស់ធនាគារជាតិ ដែលបានដាក់ចេញកន្លងមក។ នេះបើតាមលោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។
ថ្លែងប្រាប់អង្គភាព Fresh News លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីដាក់ពិដានការប្រាក់ ធនាគារជាតិនៃកម្ពុជា បានកត់សំគាល់ថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនតូច បានបង្កើនតម្លៃសេវាផ្សេងរបស់ខ្លួន ពីពលរដ្ឋដែលបានទៅខ្ចីប្រាក់ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះដែរ បច្ចុប្បន្នធនាគារជាតិ បាននឹងកំពុង តាមដាននិងយកចិត្តទុក និងគ្រោងចាត់វិធានការធ្ងន់ធ្ងរ ចំពោះគ្រឹះស្ថានមួយចំនួននោះ បានយកប្រាក់កម្រៃពីពលរដ្ឋខ្ពស់ហួសហេតុពេក។
លោកបានថ្លែងបញ្ជាក់ទៀតថា ធនាគារជាតិនៃកម្ពុជា ក៏បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋដែលថា សូមមានប្រុងប្រយ័ត្ន ក្នុងការយកប្រាក់ទៅដាក់ផ្ញើ នូវគ្រឹះស្ថានធនាគារ ព្រោះមានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៧ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យ ទទួលបា្រក់បញ្ញើពីសាធារណជន។ គ្រឹះស្ថានទាំងនោះរួមមាន៖
១៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC)។
២៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី (VISIONFUND (CAMBODIA) LTD)
៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HATTHA KAKSEKAR LIMITED)
៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK PLC)
៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី (KREDIT PLC)
៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ខូអិលធីឌី (AMRET Co.,Ltd)
៧៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (CAMBODIA) PLC)
ដើម្បីគាំពារ និងការពារសុវត្ថិភាពសាធារណជន លោក គិត សុវណ្ណរិទ្ធិ ក៏បានស្នើដល់ សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ហើយប្រសិនបើមានបញ្ហា ឬចំងល់ពាក់ព័ន្ធនឹងគ្រឹះស្ថានធនាគារជាតិនៃកម្ពុជា សូមសាធារណៈជនទាំងអស់ មេត្តាទំនាក់ទនងមកកាន់ប្រព័ន្ធ Hotline របស់ធនាគារជាតិនៃកម្ពុជា បានទទួលបានព័ត៌មានលម្អិតទាំងឡាយ។
សាធារណៈជនអាចធ្វើការទំនាក់ទំនងមកប្រព័ន្ធ Hotline របស់ធនាគារជាតិនៃកម្ពុជា ប្រចាំទីស្នាក់ការកណ្ដាលចំនួន៥ខ្សែ និងតាមបណ្ដាល សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ចំនួន២០ខ្សែ៕