(ភ្នំពេញ)៖ ពិព័រណ៍ចិន-អាស៊ាន សម្រាប់ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០ ខែមីនានេះ ដល់ថ្ងៃទី០១ ខែមេសា ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលប្រមូលផ្ដុំទៅដោយសហគ្រាសល្បីៗកម្ពុជា-ចិន។
ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ មានការចូលរួមពីលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, លោក Wang Lei អគ្គលេខាធិការពិព័រណ៍ចិន-អាស៊ាន, អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជា, លោក Gao Hua ប្រធានសភាពាណិជ្ជកម្មចិន នៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្នុងវិស័យពាណិជ្ជកម្ម និងសមាជិកសំខាន់ពាក់ព័ន្ធ របស់រដ្ឋាភិបាលទាំងពីរជាច្រើនរូប។
ពិព័រណ៍កម្ពុជាលើកនេះ គឺជាពិព័រណ៍ត្រាច់ចរ តាមប្រទេសអាស៊ាន ដែលមានទ្រង់ទ្រាយធំជាងគេ ដែលត្រូវបានរៀបចំឡើង ដោយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជំនួញរវាងប្រទេសចិន-កម្ពុជា ជួយពង្រីកទីផ្សារសហគ្រាសចិន និងកម្ពុជា ព្រមទាំងដាក់តាំងបង្ហាញផលិតផល គុណភាពល្អ របស់ប្រទេសទាំងពីរ។
អគ្គលេខាធិការ Wang Lei បានថ្លែងថា «ឆ្នាំ២០១៨ គឺជាខួបគំរប់១៥ឆ្នាំ នៃចំណងជាដៃគូយុទ្ធសាស្ដ្រ រវាងប្រទេសចិន-អាស៊ាន និងជាខួបគំរប់១៥ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន ហើយក៏ជាខួបគំរប់៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាផងដែរ។ នៅឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ពិព័រណ៍ចិន-អាស៊ាន។
លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានបន្ដថា ការបង្កើតពិព័រណ៍នៅប្រទេសកម្ពុជា ជាលើកដំបូងនោះ គឺជាពេលវេលាដ៏ស័ក្តិសមបំផុត ដើម្បីបម្រើសេវាដល់ប្រទេសកម្ពុជា ឲ្យចូលរួមក្នុង ការកសាង «ខ្សែក្រវ៉ាត់មួយ វិថីមួយ» និងពង្រឹកកិច្ចសហប្រតិបត្តិការ រឹងមាំរវាងប្រទេសទាំងពីរ។
លោកបន្ដថា នេះក៏ស្របទៅតាមតម្រូវការ នៃសម័យកាល សម្រាប់ការអភិវឌ្ឍស៊ីជម្រៅ នៃទំនាក់ទំនងល្អរវាងប្រទេសចិន និងកម្ពុជា ដើម្បីបង្ហាញចេញនូវសារៈសំខាន់ នៃប្រទេសកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងអាស៊ាន។ ខ្លឹមសារនៃពិព័រណ៍កម្ពុជា មានភាពសម្បូរបែប និងមានលក្ខណៈពិសេសឆើតឆាយ។
អគ្គលេខាធិការ Wang Lei បានថ្លែងទៀតថា ពិព័រណ៍លើកនេះ មិនត្រឹមតែមានការចូលរួម ពីសហគ្រាសដែលមានកេរ្តិ៍ឈ្មោះ និងឧត្តមភាពនៃប្រទេសកម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំង មានសហគ្រាស ដែលមានសក្ដានុពលទីផ្សារធំទូលាយ និងមានលក្ខណៈប៉ះប៉ូវ គ្នាទៅវិញទៅមកជាច្រើន ព្រមទាំងផលិតផល ពិសេសសម្រាប់ការចូលរួមបង្ហាញផងដែរ។
ខ្លឹមសារនៃពិព័រណ៍ ជាចម្បងបង្ហាញចេញនូវឧត្តមភាពរបស់ប្រទេសចិន ស្របពេលជាមួយគ្នា បង្ហាញនូវប្រភេទវិស័យ ដែលប្រទេសកម្ពុជា កំពុងត្រូវការខ្លាំង រួមមាន៖ ផលិតផល និងសេវាបច្ចេកទេស ក្នុងវិស័យបរិក្ខារគ្រឿងចក្រ គ្រឿងអគ្គិសនី កសិកម្ម ឧស្សាហកម្មធន់ស្រាល គ្រឿងសំណង់ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន -ល-។ ក្រៅពីនេះ ពិព័រណ៍លើកនេះ គឺស័ក្តិសមចំពោះតម្រូវការជាក់ស្ដែងនៃប្រទេសកម្ពុជា។
ក្នុងអំឡុងពេលនោះ នៅមានការរៀបចំកម្មវិធីណែនាំអំពីការវិនិយោគ នៅប្រទេសកម្ពុជា កិច្ចពិភាក្សាអំពីបច្ចេកវិទ្យារវាងប្រទេសចិន-កម្ពុជា កិច្ចប្រជុំផ្សារភ្ជាប់បច្ចកទេស រវាងប្រទេសចិន-កម្ពុជា ការអង្កេតធុរកិច្ច និងការផ្គូរផ្គងជំនួញ-ល-។ ដើម្បីជួយពង្រីកទីផ្សារ សហគ្រាសចិន និងកម្ពុជា ព្រមទាំងនាំចូលដើមទុន និងបច្ចេកទេសចិន មកប្រទេសកម្ពុជា ដើម្បីជំរុញគោលដៅឈ្នះៗ។
ពិព័រណ៍ចិន-អាស៊ាន នឹងបង្កើនប្រសិទ្ធភាពវេទិការបស់ខ្លួន ថែមមួយកម្រិតទៀត ដោយជំរុញដល់កិច្ចសហប្រតិបត្តិការ រវាងខេត្ត Guang Xi និងប្រទេសកម្ពុជា ព្រមទាំងប្រទេសចិន និងប្រទេសកម្ពុជា ដាក់ឲ្យដំណើរការនូវការ ព្រមព្រៀងគ្នាសំខាន់ៗ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ សម្រេចចេញរួមគ្នា ចូលរួមក្នុងការកសាង «ខ្សែក្រវ៉ាត់មួយ វិថីមួយ» និងការតំឡើង កម្រិត នៃតំបន់ពាណិជ្ជកម្មសេរី រវាងចិន-អាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានារួមមាន ជំនួញ សួនឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម នេសាទ កំពង់ផែ ភស្ដុភារ និងទេសចរណ៍-ល-៕