(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា រហូតមកដល់ព្រឹកនេះ មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ក្នុងនោះ មានទាំងស្នងការរងម្នាក់ កំពុងបន្ដសួរនាំនៅឡើយ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញ ដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ព្រឹកនេះ កម្លាំងនគរបាលជំនាញ កំពុងបន្ដការសួរនាំមន្ដ្រីនគរបាលទាំង០៨នាក់នោះនៅឡើយ មិនទាន់ចប់នៅឡើយទេ»។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមីនាម្សិលមិញនេះថា មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ ក្នុងនោះមានទាំងស្នងការរងម្នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គេហៅមកសួរនាំដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ ទាំងអស់៨នាក់ មានទាំងស្នងការរងម្នាក់ផងដែរ»។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹងថា ស្នងការរងដែលត្រូវបានសមត្ថកិច្ចហៅមកសួរនាំផងដែរនោះ គឺលោក ឡាយ ណារិទ្ធ ដែលត្រូវបងបង្កើតរបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ។
ការកោះហៅមន្ដ្រីនគរបាលខេត្តតាកែវ ទាំង៨នាក់ខាងលើនេះ បានកើតមានឡើងភ្លាមៗ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានបញ្ចប់មុខតំណែងពីអភិបាលខេត្ត។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែប្រភពព័ត៌មាន សេចក្ដីរាយការណ៍ និងមជ្ឈដ្ឋានមួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕