(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News បានឲ្យដឹងថា មុខសញ្ញាលួចម៉ូតូដែលលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រកាសឲ្យសមត្ថកិច្ចរកចាប់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលរបស់ខ្លួនចាប់បានហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅក្រុងកំពត។
លោកស្នងការបញ្ជាក់ថា ជនសង្ស័យនេះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត ចាប់ខ្លួនបានហើយ
នៅព្រឹកមិញនេះ ហើយពេលនេះកំពុងតែធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា លោកឧកញ៉ា ម៉ុង ឬទ្ធី តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានប្រកាសឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលត្រូវបានលោកឧកញ៉ាអាណិតអាសូរ ហើយបានយកឲ្យមកធ្វើការក្នុងកសិដ្ឋានរបស់លោក ផ្នែកកសិកម្ម នៅភ្នំសែនដី ខេត្តកំពង់ស្ពឺ ប៉ុន្ដែមិនបានប៉ុន្មានផងជនសង្ស័យបានលួចយកម៉ូតូអ្នកធ្វើការជាមួយគ្នាយកទៅបាត់។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ថាយ៉ាងដូច្នេះថា «ខ្ញុំជួយយកអាសាមនុស្សរាប់ម៉ឺននាក់ មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេ ពេលនេះកំពុងតែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកឲ្យចូលបម្រើការងារ ខាងផ្នែកកសិកម្ម នៅភ្នំសែនដី ខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅប្រាក់150$ មួយខែថែមទៀត បានតែរយៈពេល៧ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ វេលាម៉ោង១រសៀល លោកវីហ្គោ បានខ្ចីម៉ូតូមាកលែត តម្លៃ1.450$ របស់កម្មករដូចគ្នាយកទៅបាត់ស្រមោល។ ដំណឹងនេះ ខ្ញុំសុំប្តឹងទៅសមត្ថកិច្ចបើស្គាល់ ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំ នឹងជូនរង្វាន់1.000$ បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែរ»៕