(ព្រះវិហារ)៖ ប្រតិភូខណ្ឌចំនួន២ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ, សាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ និងសាលាខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក កែវ សុភា ជាអភិបាលរង បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរសេនាតូចលេខ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ។
ជំនួសមុខឲ្យប្រតិភូ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហាន របស់បងប្អូនវរនគរបាល នៅសមរភូមិមុខនាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដី ដោយមិនឲ្យសត្រូវឈ្លានពានមកលើទឹកដីកម្ពុជា បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
ក្នុងឱកាសនោះ ក្រៅពីសួរសុខទុក្ខគណៈប្រតិភូ បានជូនអំណោយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនោះ មានទឹកក្រូច៦០កេស, ស្រាបៀរ៥០កេស និងមីម៉ាម៉ា ៦០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរសេនាតូចលេខ៧៩៣ ចំនួន២៨១នាក់ ដោយម្នាក់ៗទទួលបាន៤ម៉ឺនរៀល។ ចំណែកមេបញ្ជាការភូមិភាគ ម្នាក់៥០ម៉ឺនរៀល មេបញ្ជាការម្នាក់៤០ម៉ឺនរៀល និងអនុវរចំនួន៦នាក់ ដោយម្នាក់ៗបាន២០ម៉ឺនរៀល៕