(ព្រះវិហារ)៖ ការដ្ឋានជួសជុលផ្លូវជាតិលេខ៦២ ចេញពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ត្រង់ព្រំប្រទល់ស្រុកគូលេន និងស្រុកជាំក្សាន្ត ដែលទទួលរងការខូចខាតដោយទឹកជំនន់នាកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលឡើងវិញ ដោយកាយដីស្អុយចេញ ចំណុចខ្លះរហូតដល់ជម្រៅជិត២ម៉ែត្រ និងចាក់ថ្មចូលកិនបង្ហាប់នោះ បានបញ្ចប់ហើយ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋបានធ្វើចរាចរស្រួលនៅឱកាសចូលឆ្នាំថ្មី។
កំណាត់ផ្លូវជាតិលេខ៦២ ដែលជួសជុលរួចនេះ ត្រូវបានធ្វើពិធីប្រគល់ និងទទួលនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រវាងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦២ ត្រង់ព្រំប្រទល់ស្រុកគូលេន និងស្រុកជាំក្សាន្ត កាលពីរដូវវស្សាកន្លងមកនេះ បានទទួលរងការខូចខាតប្រវែង៣,៦០០ម៉ែត្រ ដោយចាប់ពីគីឡូម៉ែត្រ១៦៤+០០ ដល់គីឡូម៉ែត្រ១៦៧+៦០០ ហើយដើម្បីស្ដារហេដ្ឋារចនាសម្ព័ននេះឡើងវិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានបើកការដ្ឋានជួសជុលជាបន្ទាន់ ដោយចាប់ផ្តើមបើកការដ្ឋានកាលពី ដើមខែតុលាឆ្នាំ២០១៧ និងមានគម្រោងឲ្យរួចរាល់នៅចុងខែមិនាឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាជាតិ។
លោក សំ លាងទ្រី បានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យកំណាត់ផ្លូវជាង៣គីឡូម៉ែត្រនេះ ទទួលរងការខូចខាត ក៏ព្រោះតែស្រទាប់ដីខាងក្រោមច្រោះទឹក ដែលធ្វើឲ្យដីស្អុយខូចថ្នល់ខាងលើតែម្តង។ ដោយមើលឃើញពីមូលហេតុនេះ ទើបមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រចចិត្តជីកកាយដីស្អុយនេះចេញ ដែលមានជម្រៅរហូតដល់ជិត២ម៉ែត្រ រួចចាក់ថ្មចូលកិនបង្ហាប់តែម្តង ដើម្បីឲ្យផ្លូវមួយខ្សែនេះប្រើប្រាស់បានយូរអង្វែង។
ពាក់ព័ន្ធបែបបទបច្ចេកទេស នៃការជួសជុលផ្លូវខាងលើនេះ លោក សំ លាងទ្រី គូសបញ្ជាក់ថា លើកំណាត់ផ្លូវនេះបានស្រោចកៅស៊ូបីជាន់ ហើយក្រោយការស្រោចកៅស៊ូ និងបាយថ្មស្អិតរួចមិនយូរទេ ពោលគឺប្រមាណ២សប្តាហ៍ទៀតនឹងឡើងរលោងស្អាត ដែលមានប្រវែង៣,៦០០ម៉ែត្រ និងការដាក់បង្គោលគីឡូម៉ែត្រ ដាក់ស្លាកសញ្ញាចរាចរ ទិសចរាចរ មើលថែ និងជួសជុលជាប្រចាំ និងកាត់មេឃឈើនៅតាមដងផ្លូវផងដែរ។
ប្រធានមន្ទីរសាធារណការរូបនេះ បានធ្វើការអំពាវបងប្អូនប្រជាពលរដ្ឋកុំដឹកសំពីងសំពោង កុំតទ្រុងរថយន្ត ដឹកលើសទម្ងន់ ដែលវាងាយបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដដៃ៕