(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ប្រទេសវៀតណាម ដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
យោងតាមការជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទាំងពីរ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំនេះ រួមមាន លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណកម្មាធិការកិច្ចការព្រំដែនជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា៕