(ភ្នំពេញ)៖ បើទោះបីឆ្នាំនេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដក្ដី ក៏ការលក់ប្រភេទអចលទ្រព្យដូចជាវីឡា ផ្ទះល្វែង បុរី ហាក់មិនមានការថមថយទៅលើការទិញលក់នោះឡើយ តែបែរជាមានសន្ទុះកើនខ្ពស់នៃការលក់ទៅវិញ ជាក់ស្ដែងដូចជាការលក់បុរីភ្នំពេញថ្មីនេះ ក៏នៅតែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការឲ្យដឹងពីលោក ភូ សម្បត្តិ ប្រធានផ្នែកលក់បុរីភ្នំពេញ។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ភូ សម្បត្តិ បានលើកឡើងថា ជាក់ស្ដែងនៅពេលដែលមាន ការបោះឆ្នោតពលរដ្ឋមានការគិតគូរច្រើន និងភ័យខ្លាចបន្ដិចរឿងនយោបាយបន្ដិច ប៉ុន្ដែខាងអភិវឌ្ឍវិញដូចជាមិនមាន ជាបញ្ហាប្រឈមឡើយព្រោះ ជឿជាក់ថាឆ្នាំនេះស្ថានភាពនយោបាយហាក់មានភាពនឹងនរ ជាក់ស្ដែងដូចជាការលក់បុរីភ្នំពេញនារយៈពេលចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ ការលក់របស់បុរីភ្នំពេញថ្មី នៅមានភាពល្អមានការកើនឡើងបើធៀបនឹងដើមឆ្នាំ២០១៧ ដូច្នេះវាហាក់ដូចជាមិនមានផលប៉ះពាល់ដែលធ្វើ មានការថមថយទៅលើការលក់នៃអចលវត្ថុនោះឡើយ។
លោក ភូ សម្បត្តិ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះមានអ្នកវិនិយោគិនជាច្រើន បានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគភាគច្រើន គឺការវិនិយោគលើអចលនទ្រព្យតែម្ដង ទាំងនេះហើយដែលធ្វើឲ្យដី ផ្ទះ បន្ដការកើនឡើងជាបន្ដបន្ទាប់។ ដើមឆ្នាំ២០១៨នេះក៏មានការប្រកាសពីគម្រោងធំ របស់ក្រុមហ៊ុនផ្សេងៗដែលគ្រោងសាងសង់នៅកម្ពុជា គម្រោងធំៗនេះហើយដែលធ្វើឲ្យវិស័យអចលនទ្រព្យ បន្ដកើនឡើងឥតឈប់ឈរ។
លោកបន្ថែមថា «ខ្ញុំជឿជាក់ថា តម្លៃអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០១៨-២០១៩មិនមានការថមថយនោះឡើយ គឺមានតែបន្ដរីកចម្រើនទៅមុខ ដូច្នេះហើយអតិថិជនគួរតែកុំមានការភ័យបារម្ភ»។
លោកបានបញ្ជាក់ទៀតថា សម្រាប់ក្នុងឆ្នាំនេះផងដែរ បុរីភ្នំពេញហាក់ទទួលបាននូវការគាំទ្រច្រើន ពីសំណាក់អតិថិជនជាងរាល់ឆ្នាំ។ ដើម្បីថ្លែងអំណរគុណអតិថិជន ក៏ដូចជាអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ បុរីភ្នំពេញក៏បានធ្វើការបញ្ចុះតម្លៃពិសេស រហូតដល់៩% ដល់អតិថិជន ដែលបានទិញបុរី។ ក្នុងនោះអតិថិជន ដែលបានទិញប្រភេទផ្ទះ ក្នុងបុរីភ្នំពេញបង់ផ្ដាច់នឹងទទួលបានការបញ្ចុះតម្លៃ៩ភាគរយភ្លាមៗ ចំណែកឯអតិថិជនដែលបងរំលោះវិញ និងទទួលបានការបញ្ចុះតម្លៃ៤%ភ្លាមៗផងដែរ។
បុរីភ្នំពេញថ្មីនៅតែបន្ដ ធ្វើគម្រោងថ្មីៗជាច្រើនកន្លែងបន្ថែមទៀត នៅជុំវិញទីក្រុងភ្នំពេញ បានជាបុរីភ្នំពេញជ្រើសរើសយកខណ្ឌពោសែនជ័យ ដើម្បីសាងសងបុរីក៏ព្រោះតែ ខណ្ឌនេះជាខណ្ឌមានសក្ដានុពុលក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន មានទីតាំងល្អដោយជាប់នឹងផ្លូវវេងស្រែង។ រហូតមកដល់បច្ចុប្បន្ននេះបុរីភ្នំពេញមានចំនួន៩គម្រោង មានផ្ទះចំនួន៤ពាន់ល្វែង និងមានផ្ទះចំនួន៥ប្រភេទដូចជាផ្ទះល្វែង, វីឡាកូនកាត់ខ្នាត់តូច, វីឡាកូនកាត់ខ្នាត់មធ្យម, វីឡាភ្លោះ និងវីឡាទោល។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានផ្នែកលក់លោក ភូ សម្បត្តិ៕