(សៀមរាប)៖ ស្ត្រីជាជនជាតិថៃម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ជិត២គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី អ៊ំុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា ការឃាត់ខ្លួនជនជាតិស្ត្រីជនជាតិថៃនេះ ធ្វើឡើងនៅម៉ោង១០៖៤៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នាព្រលានយន្តហោះអន្តរជាតិសៀមរាប។ ជនសង្ស័យឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ជាមួយនឹងថ្នាំញៀន១,៦៩២ក្រាម។
លោកឧត្តមសេនីយ៍ អ៊ំុ អមរា បានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ,លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយចូលរួមមានសហការ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប និងគយរដ្ឋាករ ច្រកទ្វារអន្តរជាតិខេត្តសៀមរាប មន្ទីរប្រឆាំងគ្រឿងញៀន សម្របសម្រួល ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប៕