(ភ្នំពេញ)៖ ពិតជាគួរឱ្យអាម៉ាស់បំផុតដែលបុគ្គល ហុង លីម មានតួនាទីដល់ទៅតំណាងរាស្ត្រ ប៉ុន្តែបានបង្ហាញនូវអាកប្បកិរិយាដ៏ព្រហើន និងអសីលធម៌បំផុត តាមរយៈការលើកដៃកណ្តាល ធ្វើសញ្ញាមានន័យស្មើនឹងជេរម្តាយអ្នកដទៃនៅក្នុងកិច្ចប្រជុំពិភាក្សារបស់សភា នៃរដ្ឋវិចតូរីយ៉ា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។ អាកប្បកិរិយាបែបយូកូងបាត ផ្សារដែល ហុង លីម បានធ្វើនៅក្នុងសភា និងក្រោយមកស្រែកគំហកដាក់តំណាងរាស្ត្រស្ត្រីមកពីបក្សប្រឆាំងរបស់អូស្ត្រាលីនៅក្នុង ជណ្តើរយន្ត បង្ហាញពីកម្រិតទាបបំផុត នៃសីលធម៌រស់នៅ និងចំណេះដឹងដែល ហុង លីម មាន។ (សូមមើលសកម្មភាព ហុង លីម)
ទង្វើមិនអាចទទួលយកបាននេះ ត្រូវបានគេចាប់ឱ្យបុគ្គល ហុង លីម ថ្លែងសុំទោស និងបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងសារព័ត៌មាននានានៅអូស្ត្រាលី។ នេះពិតជាមេរៀនមួយ សម្រាប់បុគ្គលដែលព្រហើនកោងកាចដូច ហុង លីម។
ហុង លីម ដែលគេស្គាល់ថា ជាមនុស្សកម្រោលចូល ងុបងុលនឹងបក្សសង្គ្រោះជាតិ ចេញមុខប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ទាំងទទឹងទិសដើម្បីបំផ្លាញកិត្តិយសជាតិ និងផលប្រយោជន៍ខ្មែរ និងបម្រើផលប្រយោជន៍បរទេស។ ភាពក្រអឺតក្រទមរបស់ ហុង លីម ប្រមាថមេដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា ពិតជាមិនអាចអត់ឱនឱ្យបានឡើយ ប៉ុន្តែ ហុង លីម បានត្រឹមតែខ្លាំងមាក់ងាយខ្មែរគ្នាឯង ភ្លេចកំណើតរបស់ខ្លួនមានប្រភពមកពីណា ប៉ុន្តែមិនហ៊ានក្អកនោះទេ ជាមួយជាតិសាសន៍បរទេស។
តាមរយៈទង្វើដ៏អសីលធម៌ក្នុងនាមខ្លួនជាតំណាងរាស្ត្របង្ហាញថា បុគ្គល ហុង លីម ជាមនុស្សឆេវឆាវ និងពោរពេញដោយគំនុំគុំគួន។ ហេតុដូចនេះហើយបានជាបុគ្គលនេះព្យាយាមធ្វើអ្វីៗដើម្បីតែខ្លួនឈ្នះ ដោយមិនគិតអ្វីខុសត្រូវឡើយ សូម្បីតែធ្វើកាយវិការ ជេរប្រមាថតំណាងរាស្ត្រគ្នាឯងក៏ ហុង លីម ធ្វើទៅរួចដែរ។ នេះឬតំណាងរាស្ត្រដ៏មានតម្លៃនៃប្រទេសស៊ីវិល័យនោះ ? បុគ្គលអសីលធម៌ និងព្រហើនកោងកាច ដូច ហុង លីម នេះដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចចាត់ថា ជាបុគ្គលដែលមិនត្រូវបានទទួលស្វាគមន៍នៅកម្ពុជា គឺពិតជាត្រឹមត្រូវណាស់។ ជនជាតិខ្មែរមិនមានចរិតលក្ខណៈច្រលើសបើសដូច ហុង លីម ឡើយ។ អ្វីដែល ហុង លីម បានធ្វើនៅក្នុងសភានៃរដ្ឋវិចតូរីយ៉ា គឺជាការបំបាក់របស់បក្សនយោបាយរបស់ខ្លួន ប៉ុន្តែជាប្រយោលគេអាចចោទសួរថាតើ ហុង លីម មានដើមកំណើតអ្វី ? បើគេដឹងថា ហុង លីម មានដើមកំណើតខ្មែរ នោះគេនឹងអាចប្រៀបប្រដូចបុគ្គលិកលក្ខណៈ និងអាកប្បករិយារបស់ ហុង លីម ទៅនឹងខ្មែរក្រហម ដ៏កាចសាហាវ និងមិនមែនជាបុគ្គលដែលគួរឱ្យរាប់រក។ ចង់ឬមិនចង់ ហុង លីម ជាកូនអកត្តញ្ញូ រមើលគុណ កំពុងតែធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ។
សមាជិកសភាមួយរូប នៃគណបក្សពលករ ប្រចាំនៅរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី គឺលោក ហុង លីម ត្រូវបានកាមេរ៉ានៅក្នុងរដ្ឋសភានេះ ចាប់បានសកម្មភាពលោកលើកមម្រាមដៃកណ្តាល ដែលជាកាយវិការមួយ មិនសមគួរ ឬឈ្លើយតែម្តងសម្រាប់ជនជាតិលោកខាងលិច។
ដោយ៖ អ្នកវិភាគ ចៅចាក់ស្មុក