(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញមកអះអាងថា បង្គោលភ្លើងបំភ្លឺផ្លូវនៅកណ្តាលក្រុងសៀមរាប ដែលឆ្លងភ្លើងឆក់នារីម្នាក់ស្លាប់នៅទៀបភ្លឺថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ មិនស្ថិតនៅក្រោមការងគ្រប់គ្រងរបស់ខ្លួននោះឡើយ។
ការចេញមកបញ្ជាក់របស់អគ្គិសនីកម្ពុជា បានធ្វើឡើងក្រោយពេលដែលនារីម្នាក់នៅទៀបភ្លឺថ្ងៃនេះ បានស្លាប់បាត់បង់ជីវិតដោយសារឆក់ចរន្តអគ្គិសនីពេលរូបនាងយកដៃប៉ះបង្គោលភ្លើងមួយដើមស្ថិតនៅចំណុចបង្គោលភ្លើងលេខ៥៥៩ ផ្លូវបេតុង ធានាគាអេស៊ីលីដា ជិតហាងម្លិះអង្គរថ្មី ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប។
នារីរូបគ្រោះត្រូវគេស្គាល់ឈ្មោះថា ភា អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកហាងតាលាភ អូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
ក្រោយកើតហេតុនេះនាំឲ្យមានការរិះគន់ និងការចោទប្រកាន់ថាករណីនេះបណ្តាលមកពីខាងមន្ត្រីអគ្គិសនីក្នុងខេត្តសៀមរាបមិនយកចិត្តទុកដាក់រៀបចំបង្គោលភ្លើងឲ្យត្រឹមត្រូវទើបធ្វើឲ្យឆ្លងចរន្តស្លាប់មនុស្សបែបនេះ។
ក្រោយការរិះគន់នេះ អគ្គិសនីកម្ពុជា បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈមិនស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវរបស់អគ្គិសនីកម្ពុជា ឬ អគ្គិសនីខេត្តនោះទេ។
បើតាមមន្រ្តីខេត្តសៀមរាបបានអះអាងថា បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនេះ ត្រូវរៀបចំ និងគ្រប់គ្រងដោយសាលាខេត្តផ្ទាល់តែម្តង៕