(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែមីនានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អនុប្រធានសន្និសីទអន្ដរជាតិ ស្ដីពីបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានសមាជិកចំនួន៥៣ប្រទេសនៅអាស៊ី បានទទួលជួបលោកអគ្គរដ្ឋទូត Park Ro-byug និងជាអគ្គលេខាធិការសន្និសីទអន្ដរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បានពិគ្រោះយោបល់មួយចំនួន។
លទ្ធផលនៃជំនួបខាងលើ រួមមាន៖
១៖ កម្មវិធីប្រជុំសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ របស់ ICAPP គឺ៖ កិច្ចប្រជុំវេទិកានយោបាយអាស៊ីអឺរ៉ុបលើកទី២ នៅទីក្រុងឡុង ប្រទេសអង់គ្លេស ដែលឧបនាយករដ្ឋមន្ត្រី នឹងធ្វើជាសហប្រធានតំណាងឲ្យអាស៊ី និងកិច្ចប្រជុំមហាសន្និបាតលើកទី១០ នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
២៖ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី១ នៅកម្ពុជា នៅឆ្នាំ២០១៩។
៣៖ កម្មវិធីរបស់លេខាធិការដ្ឋាន ICAPP ស្ដីពីគោលដៅអភិវឌ្ឍន៍ដោយនិរន្ដរភាព របស់អង្គការសហប្រជាជាតិ ពីឆ្នាំ២០១៥-២០២៥ គឺ៖ សិក្ខាសិលាស្ដីអំពីការប្រែប្រួលអាកាសធាតុ ដោយសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (Green Global Growth Institute), កម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំយុវជននៅអាស៊ី ដែលសហការជាមួយ UNDP។ ចំពោះចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រីបានលើកថា នៅកម្ពុជាមានសហ ភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលអាចមានកម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំយុវជនស្រាប់ ដើម្បីចូលរួមចំណែកជាមួយ ICAPP ក្នុងការអប់រំ និងបណ្ដុះបណ្ដាលអ្នកដឹកនាំយុវជននៅអាស៊ី។
៤៖ ការកែសម្រួលធម្មនុញ្ញ ICAPP ដើម្បីអនុវត្ដន៍។
៥៖ ការអនុម័តកិច្ចរៀបចំសម្ព័ន្ធយុវជន សម្ព័នស្ដ្រី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP៕