(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យខុនដូនៅកម្ពុជា កំពុងតែរីកលូតលាស់យ៉ាងខ្លាំង ដោយមានវិនិយោគិនបរទេសជាច្រើនជាតិសាសន៍ សម្រុកមកសាងសង់ខុនដូលក់។
ដើម្បីជួយជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការសម្រេចចិត្តទិញគម្រោងខុនដូ កុំឲ្យខុស ឬចាញ់បោកគម្រោងខុនដូនោះ អ្នកជំនាញជាន់ខ្ពស់ ក្នុងវិស័យអចលនទ្រព្យកម្ពុជា បានចូលខ្លួនមកពន្យល់យ៉ាងលំអិត ជូនដល់សាធារណជនទូទៅ ដែលមានបំណងចង់ទិញខុនដូ។
ថ្លែងក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងកម្មវិធីសង្គម និងសេដ្ឋកិច្ច លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជានាយកក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្តេត បានបញ្ជាក់ថា វិស័យខុនដូនៅកម្ពុជា កាលពីប៉ុន្មានឆ្នាំមុន អតិថិជនមិនទាន់មានការយល់ដឹងច្បាស់ ពីគម្រោងអគារខុនដូឡើយ គឺអតិថិជនពីមុនខ្លះព័ត៌មានជាច្រើន ដែលខ្លួនមិនបានចាប់អារម្មណ៍ ទើបមានគម្រោងខ្លះ បង្កឲ្យមានបញ្ហាច្រើន ដូចជាបញ្ហាប្លង់ខុនដូ ដាក់បញ្ចាំនៅធនាគារជាដើម។
យ៉ាងណាលោកណ្ឌិត គីម ហ៊ាង បានគត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរ បច្ចុប្បន្នមានការយល់ដឹងច្រើនពាក់ព័ន្ធការទិញគម្រោងខុនដូនេះ។
លោកថាដើម្បីឲ្យការទិញគម្រោងខុនដូ ការពារបានហានិភ័យប្រជាពលរដ្ឋ ឬអ្នកចង់ទិញខុនដូត្រូវសិក្សា និងស្វែងយល់ពី៖
១៖ តើក្រុមហ៊ុនណា? ឬអ្នកណាអ្នកសាងសង់ទុកចិត្តឬទេ?
២៖ គម្រោងនោះទទួលបានច្បាប់សាងសង់ត្រឹមត្រូវឬអត់?
៣៖ តើប្លង់រឹងរបស់ដីសម្រាប់សង់ខុនដូនោះមានជាប់បញ្ចាំនៅធនាគារឬអត់?
៤៖ ក្រុមហ៊ុនសាងសង់មកពីប្រទេសណា?
៥៖ គ្រឿងសម្រាប់សម្ភារៈបំពាក់ក្នុងខុនដូមានអ្វីខ្លះ ?
៦៖ កុងត្រាខុនដូយ៉ាងដូចម្តេច សាងសង់នៅពេលណា? បញ្ចប់នៅពេលណា?
៧៖ ពេលប្រកាសលក់នេះ ខុនដូសង់បានប៉ុន្មានភាគរយហើយ?
លោក គីម ហ៊ាង បញ្ជាក់ថា សំណួរទាំងនេះធ្វើឲ្យអ្នកទិញ ទទួលបានព័ត៌មានពេលលេញ អាចធ្វើឲ្យពួកគាត់ងាយស្រួល ក្នុងការធ្វើការសម្រេចចិត្តទិញ៕
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍របស់ Fresh News ជាមួយនឹងលោកបណ្ឌិត គីម ហ៊ាង ទាំងស្រុង៖