(ភ្នំពេញ)៖ អង្គការ UNESCO ដែលជាភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ នៅដើមខែមីនា ឆ្នាំ២០១៨នេះ បានបើកកញ្ចប់ឯកសាររបស់គុនល្បុក្កតោខ្មែរហើយ ដើម្បីអនុវត្តនីតិវិធីតាមការស្នើសុំរបស់ប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបញ្ចូលក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរមួយនេះ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការអន្ដរជាតិនេះ។ នេះបើតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកកីឡាល្បុក្កតោ នៅទីស្នាក់ការ NOCC កាលពីល្ងាចមិញ លោក វ៉ាត់ ចំរើន បានបង្ហើបព័ត៌មានដ៏រសើបនេះថា «ក្រោយតាមដាន និងទាក់ទងផ្ទាល់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការ UNESCO នៅដើមខែមីនានេះ គេ (ក្រុមការងារជំនាញរបស់ UNESCO) ទើបបើកកញ្ចប់ឯកសាររបស់យើង ដែលបានដាក់កាលពីចុងខែមីនា ឆ្នាំ២០១៧។ បន្ទាប់ពីបើកកញ្ចប់ហ្នឹង រហូតដល់ខែមិថុនា ទើបគេឆ្លើយមកយើង តើយើងនៅមានការខ្វះខាតលក្ខខណ្ឌអ្វីខ្លះ ដើម្បីឲ្យយើងបំពេញបន្ថែមឲ្យបានគ្រប់លក្ខខណ្ឌ តាមលក្ខខណ្ឌរបស់ UNESCO»។
«ប៉ុន្ដែបើឯកសារយើងគ្រប់គ្រាន់ មិនខ្វះខាតក្នុងលក្ខខណ្ឌរបស់គេទេ នៅខែវិច្ឆិកា ឆ្នាំ២០១៨ គេនឹងប្រគល់ទៅឲ្យគណៈកម្មការជំនាញចុងក្រោយរបស់ UNESCO ហើយឈានដល់ខែមីនា ឆ្នាំ២០១៩ ទើបគណៈកម្មការបច្ចេកទេសរបស់គេប្រាប់យើងម្ដងទៀតថា ឯកសាររបស់យើងត្រូវការចំណុចអ្វីផ្សេងទៀត គេត្រូវការឲ្យយើងបញ្ជាក់អ្វីខ្លះទៀត គេឲ្យយើងបង្ហាញភស្ដុតាងអ្វីផ្សេងទៀត ដែលមិនទាន់គ្រប់គ្រាន់ក្នុងឯកសាររបស់យើង។ បន្ទាប់មកក្រោយបំពេញឯកសារខ្វះខាតហើយ នៅខែវិច្ឆិកា ឆ្នាំ២០១៩ ទើបគេប្រកាសជាផ្លូវការថា ជោគជ័យ ឬមិនជោគជ័យ ក្នុងការចុះបញ្ជី...ចឹងយើងរង់ចាំទាំងអស់ ចាប់ពីពេលនេះតទៅ»។
យ៉ាងណាមិញអគ្គលេខាធិការ NOCC ដដែលហាក់មានជំនឿចិត្តខ្ពស់សម្រាប់ឯកសារគុនល្បុក្កតោ ដែលបានបញ្ជូនទៅអង្គការ UNESCO លើកនេះ នឹងទទួលបានលទ្ធផលល្អក្នុងការចុះបញ្ជី រហូតលោកប្រាប់ដល់គ្រួសារកីឡាគុនល្បុក្កតោ និងប្រជាពលរដ្ឋខ្មែរឲ្យត្រៀមខ្លួនទូងស្គរទូទាំងប្រទេស ហើយគ្រោងនឹងរៀបចំការសម្ដែងគុនល្បុក្កតោទ្រង់ទ្រាធំនៅមុខប្រាសាទអង្គរ ដើម្បីអបអរសាទរ ពេលគុនល្បុក្កតោខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៀតផង៕