(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ចម្បងៗជាច្រើនដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍។
កិច្ចប្រជុំពេញមួយថ្ងៃនេះ បានរំលឹកដាស់តឿនអំពីការអនុវត្តន៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងក្នុងឱកាសបិទសន្និបាតក្រសួងទេសចរណ៍កន្លងមក និងបានដាក់ផែនការការងារអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងកំណើនជាង ១១%។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា នៅដើមឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានដំឡើងឋានៈមន្ត្រី ១៨៥រូប ចាប់ពីថ្នាក់អនុប្រធានការិយាល័យ ដល់អនុប្រធាននាយកដ្ឋាន។
លោករដ្ឋមន្ត្រីណែនាំពីផែនការការងារទេសចរណ៍ ដើម្បីត្រៀមនៅពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដោយបានជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា បញ្ឈប់ការបោះសំរាមក្រោមតុ នៅតាមភោជនីយដ្ឋានត្រូវដាក់តម្លៃសេវាឲ្យបានសមរម្យ មានអនាម័យខ្ពស់ និងផ្លល់បដិសណ្ឋារកិច្ចល្អ បំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយឡែក នៅខេត្តសៀមរាបត្រូវចូលរួមឲ្យបានល្អ ដើម្បីជោគជ័យត្រចះត្រចង់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។
ចំពោះបញ្ហាស្លាកយីហោ ត្រូវបានលោករដ្ឋមន្ត្រីណែនាំថា ស្លាកយីហោនៅតាមអាជីវកម្មទេសចរណ៍នានា ត្រូវសរសេរអក្សរជា៣ភាសា៖
ផ្នែកខាងលើត្រូវសរសេរអក្សរខ្មែរ ហើយទំហំធំជាងគេ, ផ្នែកកណ្ដាលត្រូវសរសេរអក្សរអង់គ្លេស ហើយទំហំត្រឹមពាក់កណ្ដលអក្សរខ្មែរ ដែលសរសេរនៅខាងលើនោះ និងផ្នែកខាងក្រោមត្រូវសរសេរអក្សរភាសាទី៣ តាមតម្រូវការរបស់ម្ចាស់អាជីវកម្ម អាចជាអក្សរចិន ជប៉ុន កូរ៉េ។ល។
ម្យ៉ាងទៀត ដោយសារការដាក់តាំងព្រះភូមិ ដែលជាទីសក្ការបូជានៅតាមសណ្ឋាគារ ភោជនីយដ្ឋានខ្លះនៅមានកំហុសឆ្គងនោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ម្ចាស់ទីតាំងទាំងនោះ គប្បីផ្លាស់ប្ដូរព្រះភូមិដែលមិនមានរចនាបថបែបខ្មែរ មកដាក់ព្រះភូមិរចនាបថបែបខ្មែរវិញ។ រីឯបញ្ហាការតុបតែងរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រវិញ ត្រូវបានលោករដ្ឋមន្ត្រីណែនាំឲ្យដាក់តាំងព្រះឆាយាលក្ខណ័ ព្រះករុណាទាំង៣ព្រះអង្គអោយបានត្រឹមត្រូវតាមការណែនាំរបស់ព្រះបរមរាជវាំង។
កិច្ចការសំខាន់ៗជាច្រើនទៀត ក៏ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ផងដែរ៕