(អូស្ត្រាលី)៖ សមាជិកសភាមួយរូប នៃគណបក្សពលករ ប្រចាំនៅរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី គឺលោក ហុង លីម ត្រូវបានកាមេរ៉ានៅក្នុងសភារដ្ឋនេះ ចាប់បានសកម្មភាពលោកលើកមម្រាមដៃកណ្តាល ដែលជាកាយវិការមួយ មិនសមគួរ ឬឈ្លើយតែម្តងសម្រាប់ជនជាតិលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC អូស្ត្រាលី ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
ជុំវិញការចាប់បានកាយវិការ មិនសមជាសមាជិក នៃអង្គនីតិបញ្ញតិរូបនេះបង្ខំឲ្យលោក ហុង លីម ថ្លែងសារសុំទោសដើម្បីបញ្ចប់រឿងតែម្តង។ ការបញ្ចេញកាយវិការខាងលើនេះគឺត្រូវបានចាប់ដោយកាមេរ៉ា អំឡុងពេលដែលលោក និងសមាជិកសភាឯទៀត ប្រជុំពិភាក្សាគ្នានៅថ្ងៃចុងក្រោយ អំពីថវិកាជាតិសម្រាប់ខែឧសភា ដែលត្រូវបានគេមើលឃើញថា ភាពតានតឹងត្រូវបានបង្កឡើងដោយសមាជិកសភាបក្សប្រឆាំង ទៅលើលោក Daniel Andrews ប្រធានរដ្ឋបាល នៃរដ្ឋវិចតូរៀ ស្ថិតភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីមួយនេះ ជុំវិញការចូលរួមរបស់លោក ក្នុងរឿងអាស្រូវនៃការបោះឆ្នោត។
បញ្ហាធ្ងន់ គឺបានផ្ទុះឡើងនៅអំឡុងពាក់កណ្តាលទី នៃកិច្ចប្រជុំខាងលើនេះ ដោយក្រុមតំណាងរាស្ត្របក្សប្រឆាំង បានខឹងសម្បារ និងចោទលោក ហុង លីម ថាបានលើម្រាមដៃកណ្តាលដាក់ពួកគេ ហើយលោកស្រី Roma Britnell ដែលជាសមាជិកសភាម្នាក់ដែរនោះ គឺជាអ្នកដែលបានមើលឃើញសកម្មភាព ដែលមិនសមគួរបំផុតនេះ។
សមាជិកសភាមួយរូបទៀតនៃបក្សប្រឆាំង គឺលោក Dee Ryall បានលើកឡើងបញ្ហានេះ ជម្រាបទៅកាន់លោក Colin Brooks ដែលជាប្រធានសភា ដោយបានអះអាងថា «ទង្វើលោក ហុង លីម គឺពិតជាមិនសមរម្យ (ឈ្លើយ) និងគួរឲ្យអាម៉ាស់បំផុត»។ បន្ទាប់មកលោក Brooks ក៏បានពិនិត្យមើលវីដេអូឡើងវិញ ហើយក៏បានឃើញថា លោក ហុង លីម ពិតជាបានលើកម្រាមដៃកណ្តាលពិតមែន ប៉ុន្តែដោយសារតែគាត់ងោកក្បាលចុះ ដូច្នេះគេមិនអាចដឹងថា លោកចង្អុលទៅនរណាម្នាក់នោះឡើយ។
គួរបញ្ជាក់ថា ដើម្បីបញ្ចប់បញ្ហានេះ លោក ហុង លីម បានសម្រេចចិត្តធ្វើការសុំទោសយ៉ាងខ្លីទៅអង្គសភា នៅល្ងាចថ្ងៃដដែល ចំពោះការដែលលោកបានព្រលែងកាយវិការមិនសមគួរនេះចេញមក៕