(ភ្នំពេញ)៖ ប្រទេសអ៊ីតាលី បានច្រណែននឹងអង្កររបស់កម្ពុជា ដែលនាំចេញនៅកាន់សហគមន៍អឺរ៉ុប ដោយប្រទេសនេះ បានព្យាយាមស្នើទៅកាន់សហគមន៍អឺរ៉ុប ដាក់គំនាបលើអង្ករកម្ពុជា និងមីយ៉ាន់ម៉ាជាញឹកញយ ដោយហេតុផលមិនសមរម្យ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ដែលបម្រើដល់វិស័យនាំចេញអង្ករ បានចាត់ទុកការស្នើរបស់អ៊ីតាលីថា ជារឿងដដែលៗ និងមិនសមហេតុផលសោះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកបណ្ឌិត ហ៊ាន វណ្ណហន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះថា នេះមិនមែនជាលើកទី១ទេ ដែលប្រទេសអ៊ីតាលី ស្នើទៅសហគមន៍អឺរ៉ុប ដើម្បីឲ្យមានការរឹតត្បឹត ចំពោះអង្ករកម្ពុជា។
លោកថា អ៊ីតាលីធ្លាប់បានចោទថា កម្ពុជានាំចូលអង្ករគ្រាប់កន្តុល (គ្រាប់ខ្លី) ចូលទៅសហគមន៍អឺរ៉ុប តែមិនមែនជាការពិត ព្រោះកម្ពុជាមិនបានដាំដុះអង្ករប្រភេទនេះឡើយ មានតែប្រទេសជប៉ុន និងកូរ៉េប៉ុណ្ណោះ។
លោកបន្តថា ប្រទេសអ៊ីតាលី មិនអាចផលិតអង្ករក្រអូប ដូចកម្ពុជាបានទេ អង្ករដែលកម្ពុជានាំចេញទៅអឺរ៉ុបច្រើន គឺជាអង្ករក្រអូប រហូតដល់៧០ភាគរយ ដូច្នេះប្រភេទអង្ករដែលកម្ពុជា នាំទៅប្រកួតប្រជែងជាមួយអ៊ីតាលី ជាអង្ករស មានចំនួនតិចតួចប៉ុណ្ណោះ។
យ៉ាងណាលោកបណ្ឌិត ហ៊ាន វណ្ណហន ដែលប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ប្រសិនបើអឺរ៉ុបមិនមានយក បញ្ហានយោបាយមកលាយឡំ និងជឿតាមការញុះញុងរបស់ក្រុមអតីតបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី ទេនោះ អង្កររបស់កម្ពុជានៅតែអាចនាំចេញទៅអឺរ៉ុប ដោយអនុគ្រោះពន្ធ។
លោក ហ៊ាន វណ្ណហន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមជឿជាក់ថា អឺរ៉ុបនៅតែអនុញ្ញាតឲ្យអង្កររបស់កម្ពុជា នាំចូលជាបន្តបន្ទាប់ទៀត។ ប្រសិនបើអឺរ៉ុប មិនយកបញ្ហានយោបាយមកលាយឡំ ដែលជឿតាមក្រុមរត់ចោលស្រុក ហើយព្យាយាមជំរុញឲ្យអឺរ៉ុប ដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា។ ដោយពួកគេមិនបានខ្វល់ខ្វាយថា អ្នកដែលរងគ្រោះពិតប្រាកដ គឺជាប្រជាកសិករនោះឡើយ»។
ចំណែកលោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានបញ្ជាក់ផងដែរថា សហគមន៍អឺរុប សម្រេចធ្វើការអង្កេតដាក់របានាំចេញអង្ករពីកម្ពុជា និងមីយ៉ានម៉ា តាមសំណើរប្រទេសអីតាលី គឺជារឿងមិនគួរកើតឡើង។
លោកថា អ៊ីតាលីបានរអ៊ូជាង៣ឆ្នាំមកហើយថា អង្ករកម្ពុជា និងមីយ៉ានម៉ា ធ្វើឲ្យតម្លៃអង្កររបស់គេធ្លាក់ចុះ កសិករឈប់ដាំ។ លោកបញ្ជាក់ថា អ៊ីតាលីដាំស្រូវ ផ្គត់ផ្គង់ទៅបណ្តាលប្រទេសអឺរុប និងពិភពលោកជាង១លានតោនក្នុង១ឆ្នាំ។
ពាក់ព័ន្ធបញ្ហានេះ លោក សុង សារ៉ន បានលើកជាយោបល់ផ្ទាល់ខ្លួនចំនួន៥ចំណុចដូចខាងក្រោម៖
១៖ ការធ្លាក់ចុះតំលៃអង្ករជាង៣ឆ្នាំ គឺធ្លាក់ចុះជាសកល មិនមែនដោយសារកម្ពុជាធ្វើឲ្យតំលៃអង្ករអីតាលីធ្លាក់ចុះ ហើយកសិករគាត់ឈប់ដាំទេ ។ ឥឡូវតំលៃស្រូវអង្ករងើបឡើងវិញ ដោយសារស្តុកអង្ករមានតិចតួច។
២៖ កម្ពុជាអនុវត្តយ៉ាងត្រឹមត្រូវតាមគោលការ «នាំចេញអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ - EBA » ដែលបានអនុគ្រោះពន្ធ ដោយសហគមន៍អឺរុប ។ ហើយបានធ្វើឲ្យវិស័យកសិកម្មស្រូវអង្កររីកធំធាត់ លើកកំពស់ជីភាព និងបង្កើនឱកាសទីផ្សារដល់កសិកររាប់លានអ្នក។
៣៖ ការនាំចេញអង្ករកម្ពុជាទៅសហគមន៍អឺរុប ភាគច្រើនជាអង្ករក្រអូបដែលប្រទេសអីតាលី មិនអាចធ្វើបាន។
៤៖ គំរោងធំៗរាប់រយលានដុល្លារគាំទ្រដោយសហគមន៍អឺរុប និងប្រទេសជំនួយផ្សេងៗ នឹងប៉ះពាល់ជាអវិជ្ជមានដល់ការលូតលាស់ របស់វិស័យស្រូវអង្ករកម្ពុជា ។
៥៖ កម្ពុជាបាននិងកំពុងពង្រីកទីផ្សារទៅកាន់ប្រទេសចិនរាល់ឆ្នាំ ដើម្បីកាត់បន្ថយការពឹងពាក់ទីផ្សារសហគមន៍អឺរុប ពី១០០,០០០តោន នៅឆ្នាំ២០១៦ ទៅ ២០០,០០០តោនឆ្នាំ ២០១៧ និង សង្ឃឹមថាបាន ៣០០,០០០ តោនក្នុងឆ្នាំ២០១៨នេះ ។
លោកបញ្ជាក់ថា «ខ្ញុំគិតថាគ្មានហេតុផលណា ដែលដាក់បន្ទុកកម្ពុជា ធ្វើឲ្យប៉ះពាល់កសិករអ៊ីតាលីទេ»។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន ជាង៦៣ម៉ឺនតោន ក្នុងនោះនាំចេញទៅសហគមន៍អឺរ៉ុប បានជាង២៧ម៉ឺនតោន ស្មើនឹងជាង៤០ភាគរយ នៃចំនួននាំចេញអង្ករទាំង៕