សាលាឧទ្ធរណ៍ កោះអញ្ជើញដើមបណ្តឹងអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ចូលសវនាការជំនុំជម្រះលើករណី ជួប សម្លាប់ នៅថ្ងៃទី០៣ ខែមេសា
29-03-2018 18:44
(ភ្នំពេញ)៖ លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ បានកោះអញ្ជើញ លោកស្រី ប៊ូ រចនា ភរិយាលោកកែម ឡី ដែលជាដើមបណ្តឹង រដ្ឋប្បវេណី ឱ្យចូលសវនការ នៅរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជំនុំជម្រះកាត់ទោសលោក ជួប សម្លាប់។
តាមដីការបស់ លោក ហ៉ឹង ប៊ុនជា ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានអះអាងថា សវនការនេះ នឹងធ្វើឡើងនៅវេលាម៉ោង២៖០០នាទីរសៀលក្នុងបន្ទប់ទី២ នៃសាលាឧទ្ធរណ៍។ ក្នុងនោះ មានក្រុមប្រឹក្សាជំនុំជម្រះដូចខាងក្រោម៖
១៖ លោក ចាយ ច័ន្ទតារាវណ្ណ ប្រធាន
២៖ លោក ស៊ិន វិសាល ចៅក្រមប្រឹក្សា
៣៖ លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ចៅក្រមប្រឹក្សា ឯក្រឡាបញ្ជី គឺលោក ផាត់ មិថុនា។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ បានប្រកាសសាលក្រម កាត់ទោសលោក អឿត អាង ហៅជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។ លោក ជួប សម្លាប់ ត្រូវបានចោទពីបទ «ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់»៕