(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ដែលជាបងប្រុសលោក ឡាយ វណ្ណៈ និងមន្រ្តីនគរបាលទាំង ៧រូបផ្សេងទៀត នៅមិនទាន់បញ្ចប់ការសួរនាំនៅឡើយទេ។ នេះបើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា «នៅមិនទាន់សួរចប់នៅឡើយទេ ចាំសួរចាំចាំប្រាប់បន្ថែមទៀត»។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកមិញថា មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ ក្នុងនោះមានទាំងស្នងការរងម្នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គេហៅមកសួរនាំដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ ទាំងអស់៨នាក់ មានទាំងស្នងការរងម្នាក់ផងដែរ»។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹងថា ស្នងការរងដែលត្រូវបានសមត្ថកិច្ចហៅមកសួរនាំផងដែរនោះ គឺលោក ឡាយ ណារិទ្ធ ដែលត្រូវបងបង្កើតរបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ។
ការកោះហៅមន្ដ្រីនគរបាលខេត្តតាកែវ ទាំង៨នាក់ខាងលើនេះ បានកើតមានឡើងភ្លាមៗ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានបញ្ចប់មុខតំណែងពីអភិបាលខេត្ត។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែប្រភពព័ត៌មាន សេចក្ដីរាយការណ៍ និងមជ្ឈដ្ឋានមួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕