(ភ្នំពេញ)៖ នៅសប្ដាហ៍ក្រោយនេះ គណៈកម្មការទន្លេមេគង្គ (MRC) នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី​៣ របស់ខ្លួនក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ព្រឹត្តិករណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់ មកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដែលជាដៃគូសន្ទនារបស់ MRC។

លោក Pham Tuan Phan នាយកប្រតិបត្តិ គណៈកម្មការទន្លេមេគង្គបានថ្លែងថា «នេះគឺជាលើកទី​៣​ហើយ ដែលថ្នាក់ដឹកនាំមកពីប្រទេសទន្លេមេគង្គជួបប្រជុំគ្នា ដើម្បីគូសបញ្ជាក់សាជាថ្មី ពីការប្ដេជ្ញាចិត្តកម្រិតខ្ពស់បំផុតរបស់ពួកគេ ចំពោះតួនាទីភារកិច្ច និងការបំពេញការងារបស់គណៈកម្មការទន្លេមេគង្គ ដើម្បីធ្វើឲ្យតំបន់អាងទន្លេមេគង្គ ក្លាយជាតំបន់ដែលមានវិបុលភាពសេដ្ឋកិច្ច យុត្តិធម៌សង្គម និងមានបរិស្ថានល្អប្រសើរ​»

កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅថ្ងៃទី០៤-០៥ ខែ​មេសា ឆ្នាំ២០១៨ នៅមុនកិច្ចប្រជុំ ក៏នឹងមានការរៀបចំសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃផងដែរ។ ពាក្យស្លោក នៃកិច្ចប្រជុំកំពូលនេះគឺ «មេគង្គមួយ ស្មារតីមួយ» ដែលគូសបញ្ជាក់ពីគោលបំណងសំខាន់ជាងគេបំផុត របស់កិច្ចប្រជុំ គឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងតំបន់អាងទន្លេមេគង្គប្រកបដោយចីរភាព។ គណៈកម្មការទន្លេមេគង្គ ខិតខំពង្រឹងទំនាក់ទំនងរវាងបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ព្រមទាំងភាពជាដៃគូជាមួយដៃគូសន្ទនានានា និងគំនិតផ្ដួចផ្ដើម ដៃគូនានា និងអ្នកពាក់ពាន់នៅថ្នាក់តំបន់ដទៃទៀត។

ប្រធានប្រតិបត្តិ លោក Pham បានបញ្ជាក់ថា «ដោយសារតែកំណើនសម្ពាធមកលើតំបន់អាងទន្លេនេះ ជាពិសេសការកើនឡើងនូវចំនួនប្រជាជន ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ និងផលប៉ះពាល់ដែលបង្កឡើង ដោយ​សារអាកាសធាតុ​ជាការសំខាន់បំផុត ដែលយើងត្រូវប្រើប្រាស់ព្រឹត្តិការណ៍នេះ ជាកាលានុវត្តភាព ដើម្បីដាក់ចេញនូវអាទិភាពយើងឲ្យបានច្បាស់។ យើងចាំបាច់ត្រូវធ្វើការងាររួមគ្នា ទាំងឆ្លងដែន ទាំងឆ្លងវិស័យ ដើម្បីធានាឲ្យ មានការចែករំលែកធនធានទឹក និងអត្ថប្រយោជន៍ ដែលពាក់ព័ន្ធនានា ប្រកបដោយសមធម៌»

លើសពីនេះ គោលបំណងរបស់ព្រឹត្តិការណ៍នេះរួមមាន ការបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តរបស់ MRC ក្នុងការបំពេញតួនាទីឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការគាំទ្រដល់បណ្ដាប្រទេសជាសមាជិកនានា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី​៦ ស្ដីពីការគ្រប់គ្រងធនធានទឹក ប្រកបដោយចីរភាព និងគោលដៅដទៃទៀត។

ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបំផុតមួយចំនួន ដែលអាចត្រួសត្រាយផ្លូវឲ្យមានការសម្រេចចិត្ត អំពីការអភិវឌ្ឍនាពេលអនាគត អាចរកបានក្នុងការសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍទន្លេ មេគង្គប្រកបដោយចីរភាព ដែល MRC ទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ដោយការសិក្សានេះ ក៏មានបង្ហាញផងដែរ ពីផលប៉ះពាល់ ដែលបង្កឡើងដោយគម្រោងវារីអគ្គិសនីនៅលើទន្លេមេ។

ការសិក្សានេះអាចហៅម្យ៉ាងទៀតថា ការសិក្សារបស់ក្រុមប្រឹក្សា ហើយកាសិក្សា​នេះរំលេចឲ្យឃើញពីផលប៉ះពាល់ អត្ថប្រយោជន៍ និង​ទ្វេគ្រោះ (ការដោះដូររវាងអត្ថប្រយោជន៍ និងផលប៉ះពាល់) ដែលអាចបង្កឡើងដោយសារផែនការអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ននេះ ដូចជាផលប៉ះពាល់​ដែលបង្កឡើង ដោយគម្រោងវារីអគ្គិសនី គម្រោងនាវាចរណ៍ គម្រោងធារាសាស្ត្រ និងគម្រោងគ្រប់គ្រងទឹកជំនន់មកលើទន្លេមេគង្គមេ និងដៃទន្លេមេគង្គ។

លទ្ធផលនៃការសិក្សានេះ ព្រមទាំងបញ្ហាផ្សេងទៀត នឹងត្រូវលើកយកមកធ្វើការពិភាក្សាក្នុងសន្និសីទអន្តរជាតិ។ សារសំខាន់ៗ ដែលចេញពីកិច្ចប្រជុំនេះ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំ ទន្លេមេគង្គក្នុងកិច្ចប្រជុំកំពូលនេះ បន្ថែមពីលើលទ្ធផលរកឃើញសំខាន់ៗ ដែលត្រូវបានដាក់ជូនថ្នាក់ដឹកនាំទាំងនេះកាលពីខែ​ធ្នូ ឆ្នាំមុនម្ដងរួចមកហើយ។ បុគ្គលិកនៃលេខាធិការរដ្ឋាននៃគណៈកម្មការទន្លេមេគង្គ ដែលសុទ្ធតែអ្នកមកពីប្រទេសជាប់ដងទន្លេនេះ ក៏បានរៀបចំកិច្ចប្រជុំ រាយការណ៍ដ៏សង្ខេបពីលទ្ធផលសំខាន់ៗ នៃការសិក្សានេះ ដល់បញ្ញវន្ត អគ្គនាយក ប្រធានស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការជាតិ​ទន្លេមេគង្គ នៃប្រទេសជាសមាជិក MRC ទាំងបួន។

គណៈកម្មការទន្លេមេគង្គរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងជួយបន្តពង្រឹងតួនាទីរបស់គណៈកម្មការនេះ ក្នុងនាមជាមជ្ឈមណ្ដលប្រមូលផ្ដុំចំណេះដឹង និងជាវេទិកាការទូតផ្នែកទឹក ដ៏ចម្បងនៅក្នុងតំបន់អាងទន្លេមេគង្គនេះ។ គណៈកម្មការនេះធ្វើការពិនិត្យពិច័យលើគ្រប់វិស័យទាំងអស់ ដើម្បីបំពេញគោលបំណង ចម្រុះដែលបានដាក់ចេញ ដូចជាការធានានិរន្តរភាពធនធាននេសាទ ការលើកកម្ពស់វារីអគ្គិសនីប្រកបដោយចីរភាព ការកំណត់កាលនុវត្តភាពសម្រាប់ស្រោច ស្រពកសិកម្ម ការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ ការកែលម្អការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងការរក្សាប្រព័ន្ធអេកូឡូហ្ស៊ីសំខាន់ៗ។

សមិទ្ធផលដែលសម្រេច​បានកាលពីពេលថ្មីៗនេះ រួមមាន ការពង្រឹងការចូលរួម ការប្រាស្រ័យទាក់ និងការអប់រំផ្សព្វផ្សាយ, ដំណើរការពិគ្រោះយោបល់ជាមុន រយៈពេលប្រាំមួយខែ សម្រាប់គម្រោងវារីអគ្គិសនីប៉ាក់បេង ដែលបានទទួលការកោតសរសើរពីភាគីជាច្រើន យ៉ាងទូលំទូលាយ, ការអនុម័តលើយុទ្ធសាស្ត្រ និងផែនការសកម្មភាព សម្រាប់តំបន់អាងទន្លេទាំងមូល ដែលផ្ដោតលើធនធាននេសាទ ការប្រែប្រួលអាកាសធាតុ និងយេនឌ័រ និងការបញ្ចប់ គោលការ​ណ៍ណែនាំ ស្ដីពីការកាត់បន្ថយផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងវារីអគ្គិសនី និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន។

កិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី​៣​នេះ គឺជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំកំពូលចំនួនពីរលើកកន្លងមក ដែលកិច្ចប្រជុំកំពូលលើកទី​១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ​២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី​២ ក្នុងឆ្នាំ២០១៤​ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

ខណៈដែលកិច្ចប្រជុំកំពូលលើកទី​១ បានប្រែក្លាយសកម្មភាពរបស់ MRC ឲ្យក្លាយជាយុគសម័យ នៃការបង្កើនកិច្ចសហប្រតិបត្តិការ កិច្ចប្រជុំកំពូលលើកទី​២ ធ្វើឲ្យមានការយកចិត្តទុកដាក់រឹតតែខ្លាំងក្លាបន្ថែមទៀត លើការពឹងអាស្រ័យលើគ្នាទៅវិញទៅមក រវាងវិស័យប្រើប្រាស់ទឹកនានា ដូចជាវិស័យកសិកម្ម និងវិស័យថាមពលជាដើម។​

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី​៣​នេះ នឹងនាំឲ្យមានការដាក់ចេញនូវសេចក្ដីប្រកាសសៀមរាប ដែលនឹងដាក់ចេញនូវអាទិភាពកម្រិតខ្ពស់ សម្រាប់រយៈពេល៤ឆ្នាំខាងមុខទៀត ក៏ដូចជាគូសបញ្ជាក់សាជាថ្មី ពីការទទួលខុសត្រូវរួមរបស់ប្រទេសជាសមាជិក ដើម្បីរក្សាឲ្យបាននូវស្ថានភាព និងធនធានរបស់តំបន់អាងទន្លេមេគង្គនាពេលអនាគត៕