(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរសមុទ្រស្អាត ឆ្នាំ២០១៨ សម្រាប់ខេត្ត នៅតំបន់មានឆ្នេរខ្សាច់ និងកោះចំនួន៤ ដែលរួមមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប។
ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងឱកាសពិធីអបអរសាទរការដាក់បញ្ចូលឆ្នេរ សមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសកលលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដែលតម្រូវ ឲ្យក្រសួងទេសចរណ៍ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្តតំបន់ឆ្នេរទាំង៤ ដាក់ចេញនូវចលនាប្រឡង ប្រណាំងឆ្នេរស្អាត (Beach Eco-Label) ដើម្បីជំរុញឲ្យមានការចូលរួមគាំទ្រដល់ ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជា «ព្រះរាជាណាចក្រអច្ឆរិយៈ»។
ក្នុងន័យនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍ និងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព និងស្មារតីទទួលខុសត្រូវសក្តិសមជា «តារារះនាទិសនិរតី» ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរស្អាត (Beach Eco-Label) លើកទី១ ឆ្នាំ២០១៨ ក្នុងនោះឆ្នេរសាធារណៈ ឆ្នេរឯកជន ឆ្នេរកែច្នៃ និងកោះនៅតាម ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងអស់ ត្រូវចូលរួមជាកាតព្វកិច្ចក្នុងចលនា ប្រឡងប្រណាំងឆ្នេរស្អាត (Beach Eco-Label)។
សម្រាប់កាលបរិច្ឆេទសម្រាប់នីតិវិធី នៃចលនាប្រឡងប្រណាំងឆ្នេរស្អាត មានដូចខាងក្រោម៖
ទី១៖ ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨៖ រយៈពេលពិនិត្យ វាយតម្លៃបឋម និងបំពេញឯកសារសម្រាប់ឆ្នេរបេក្ខភាព
ទី២៖ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨៖ រយៈពេលពិនិត្យលើសំណុំឯកសារ ការចុះត្រួតពិនិត្យលើស្ថានភាពជាក់ស្តែងរបស់ឆ្នេរបេក្ខភាព និងការការវាយរម្លៃចុងក្រោយ។
ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរខេត្តតំបន់ឆ្នេរទាំង៤ និងប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរ ទាំងអស់ចូលរួមក្នុងចលនាប្រឡងប្រណាំងឆ្នេរស្អាតនេះ ឲ្យបានផុលផុស និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕