(សៀមរាប)៖ មជ្ឈមណ្ឌលសិក្សាសហគមន៍អង្គរ «ស្លែងស្ពាន» ដែលបានចំណាយទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ដែលបានកសាងឡើងដោយ អង្គការសម្ព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា «NFUAJ» ក្រោមកិច្ចសហប្រតិបត្តិការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ នៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ពិធីសម្ភោធនេះ បានធ្វើក្រោមអធិបតីភាពរបស់លោក លាង សេងហាក់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, និងលោកស្រី ជីហារុ កាវ៉ាកាមិ (Ms. CHIHARU KAWAKAMI) អគ្គលេខាធិការនៃអង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ប្រចាំប្រទេសជប៉ុន។
លោក ពៅ ពិសិដ្ឋ បានថ្លែងថា មជ្ឈមណ្ឌលសិក្សាសហគមន៍ «ស្លែងស្ពាន» ពិតជាមធ្យោបាយដ៏ល្អប្រសើរ និងមានប្រសិទ្ធិភាពបំផុតក្នុងការបង្កើន ចំណេះដឹងពហុវិស័យ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពប្រជាជន ក្នុងការទទួលយកព័ត៌មានចំណេះដឹង និងជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅ ប្រចាំថ្ងៃ។ លោកបានបន្តថា ម្យ៉ាងវិញទៀតមជ្ឈមណ្ឌលនេះ ជាកន្លែងសម្រាប់ស្ថាប័ន និងអង្គការទាំងឡាយដែលមានបំណងចូលរួម ក្នុងការបណ្ដុះបណ្ដាលធនធាន់មនុស្សដើម្បីធ្វើឲ្យភូមិ/ឃុំ មានការប្រែប្រួល រីកចម្រើនព្រោះមជ្ឈមណ្ឌលនេះ ជាកន្លែងផ្ដល់ឱកាស ឲ្យទទួលបានការរៀនសូត្រពេញមួយជីវិតជាកន្លែងចែករំលែកបទពិសោធន៍ និងជាកន្លែងដែលអាចផ្ទេរចំណេះដឹងជាកេរ្តិ៍មរតកវប្បធម៌ ពីដូនតាដល់កូនចៅជំនាន់ក្រោយ ជាបន្តបន្ទាប់កុំឲ្យបាត់បង់សាបសូន្យ។
ជាមួយគ្នានេះ លោកស្រី ជីហារុ កាវ៉ាកាមិ បានថ្លែងថា នៅប្រទេសកម្ពុជា អង្គការ NFUAJ បានកំពុងអភិវឌ្ឍន៍កម្មវិធីមជ្ឈមណ្ឌល សិក្សាសហគមន៍ តាំងពីឆ្នាំ១៩៩៤ ដោយការសហការជាមួយអង្គការយូណេស្កូ នៅភ្នំពេញ ក្នុងគោលបំណងផ្ដល់ឱកាសសិក្សាដល់ជនក្រីក្រជនងាយរងគ្រោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ លោកស្រីបានបន្តថា រហូតដល់ឆ្នាំ២០០៦ បានបង្កើតការិយាល័យដោយខ្លួនឯង នៅក្នុងខេត្តសៀមរាប ដើម្បីពង្រឹកការគាំទ្របន្តទៅទៀត។ ក្នុងពេលជាមួយគ្នានេះ NFUAJ ក៏បានផ្ដល់សារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋជប៉ុន ហើយ NFUAJ មានសង្ឃឹមយ៉ាងមុតមាំថា អនក្ខរជនត្រូវបានជំរុញឲ្យមកចូលរៀននៅថ្នាក់អក្ខរកម្ម និងកម្មវិធីបង្កើនប្រាក់ចំណូលផ្សេងៗ ព្រមទាំងកម្មវិធីអប់រំពេញមួយជីវិត ក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីនេះ។
លោក នាក់ ណេរ៉ុន អភិបាលស្រុកស្រីស្នំ បានបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាសហគមន៍ «ស្លែងស្ពាន»នេះ មានបណ្ដោយ១៦ម៉ែត្រ និងទទឹង១២ម៉ែត្រ ស្មើនឹង១៩២ម៉ែត្រក្រឡា ចែកចេញជា៣បន្ទប់ មានបន្ទប់អនាម័យពីរ ដោយមានបំពាក់គ្រឿងសង្ហារឹម បរិក្ខារ ថាមពលអគ្គីសនី អណ្ដូងស្នប់ និងថវិកា សម្រាប់ដំណើរការមួយចំនួនដែលបានចំណាយទឹកប្រាក់សរុបជាង ១០ម៉ឺនដុល្លារអាមេរិករបស់អង្គការសម្ព័ន្ធជាតិ នៃសមាគមយូណេស្កូ ជប៉ុន។
លោក លាង សេងហាក់ ក៏បានកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះ អង្គការសម្ព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ដែលបានយកចិត្ត ទុកដាក់ជួយចែករំលែកបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍកម្មវិធីអប់រំក្រៅប្រព័ន្ធតាមរយៈ «មជ្ឈមណ្ឌលសិក្សាសហគមន៍អង្គរ» (Angkor CLC Project) តាំងពីឆ្នាំ២០០៦ ដោយឧបត្ថម្ភគាំទ្រថវិកា សម្ភារៈ និងបច្ចេកទេសដល់មជ្ឈមណ្ឌលទាំងនេះ សរុបបានចំនួន ១៧មជ្ឈមណ្ឌលហើយ រហូតដល់ពេលបច្ចុប្បន្ននេះ ហើយក្រៅពីនេះ NFUAJ ក៏បានគាំទ្រថវិកាដល់ដំណើរការថ្នាកអក្ខរកម្មវិជ្ជាជីវៈ ចំនួន ២៣៤ថ្នាក់ផងដែរ។
លោកបានបន្តថា នេះជាកាយវិការប្រកបដោយសប្បុរសធម៌ ក្នុងការចូលរួមលុបបំបាត់អនក្ខរកម្ម ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស និងរួមចំណែកក្នុងការសម្រេចនូវគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា៕