(ព្រះវិហារ)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកយាយ លោកតា ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ក្រុមហ៊ុន សុវណ្ណ រីសត ព្រះនិម្មិតអាសី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អំពាវនាវបងប្អូនប្រជាពលរដ្ឋ លោកយាយា លោកតា ត្រូវរួបរួមគ្នាការពារសុខសន្តិភាព កុំឲ្យជន ឬក្រុម ឬគណបក្សណាមកបំផ្លាញជាដាច់ខាត។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា «មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន ដូចលោកតា លោកយាយជ្រាបស្រាប់ហើយ គេមិនដែលទៅវិនិយោកនៅប្រទេសណា ដែលមានសង្រ្គាមនោះទេ ដូចជាប្រទេសអីរ៉ាក់ លីប៊ី សីរីជាដើម គេវិនិយោគនៅប្រទេសណា ដែលសុខសន្តិភាព ដូច្នេះហើយក្រុមហ៊ុន សុវណ្ណ រីសត បានមកវិនិយោគនៅទីនេះ។
ការងារនេះសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍នៅស្រុកភូមិ ដូច្នេះលោក ស្នើឲ្យព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ថែរក្សាសន្តិភាពនេះ កុំឲ្យអ្នកណាមួយ បុគ្គលណាមួយ ឬគណបក្សណាមួយ មកបំផ្លាញសន្ដិភាព ព្រោះសន្តិភាពនេះ រកបានមកដល់ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចំណាយសាច់ស្រស់ ឈាមស្រស់ ទើបបានសន្តិភាពពេលនេះ»។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពេលមានសង្រ្គាមគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធានគណបក្ស សម្តេចបានខិតខំរកគ្រប់វិធីដើម្បីរកសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះផង និងតាមរយៈនៃការចរចារការទូតផង ទើបបានសុខសន្តិភាពដូចសុខសព្វថ្ងៃនេះ។
លោកបញ្ជាក់ទៀតថា កម្ពុជាបច្ចុប្បន្ននេះស្ថិតក្នុងបរិយាកាសនយោបាយមួយ គ្របដណ្តប់នូវសន្តិភាពពេញបរិបូរណ៌ ឯកភាពទឹកដី ទាំងនយោបាយ ទាំងស្ថាប័ន ទាំងរូបវ័ន្ត ទាំងអស់នេះ គឺសុទ្ធសឹងស្តែងចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំទី៣៩ ដែលកម្ពុជាកំពុងតែក្រេបជញ្ជក់ នូវសុខសន្តិភាពយ៉ាងពេញលេញ ហើយការពារបាននូវអធិបតេយ្យភាព ឯកភាពទឹកដីតាមព្រំដែនវៀតណាម តាមព្រំដែនឡាវ និងតាមព្រំដែនថៃ គឺរក្សាបាននូស្ថេរភាពទាំងអស់។
សូមបញ្ជាក់ថា ក្រុមហ៊ុន សុវណ្ណ រីសត ព្រះនិម្មិតអាសី ដែលធ្វើពិធីសម្ពោធនៅពេលនេះរួមមាន៖ វត្តល្បាក់ខោនព្រះនិម្មិត ព្រះអង្គធំ និងរមណីយដ្ឋានសុវណ្ណរីសត ដែលមានទីតាំងនៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ រីសតដែលបានដាក់ឲ្យដំណើរការនេះ គឺមាន៥៤បន្ទប់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកស្នាក់នៅលេងកំសាន្ត ក្រៅពីនេះមានកន្លែងកំសាន្តផ្សេងៗ ទៀតដូចជាបា ខារ៉ាអូខេផងដែរ៕