(ភ្នំពេញ)៖ របាយការណ៍ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងរយៈពេល ៣ខែឆ្នាំ២០១៨នេះ ក្រុមការងារបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដនៅទូទាំងប្រទេសសរុបចំនួន ៩៧,៤៩០គ្រឿង កាត់ទ្រុងចំនួន ១,១៨១គ្រឿង, ដោះរានតខាងក្រោមចំនួន ៦៤៨គ្រឿង។
របាយការណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងចំណោមរថយន្តដែលបានត្រួតពិនិត្យនេះ បានរកឃើញអ្នកបើកបរគ្មានបណ្ណបើកបរចំនួន ២០៩នាក់, រថយន្ដគ្មានផ្លាកលេខ ៧៧គ្រឿង, រថយន្ដពាក់ផ្លាកលេខក្លែងក្លាយចំនួន ០៣គឿង, ខ្វះឯកសារចំនួន ៨៦០គ្រឿង, ដោះភ្លើងរថយន្ដបំភ្លឺខុសបច្ចេកទេសចំនួន ៣៦គ្រឿង, ប្រើបណ្ណបើកខុសប្រភេទយានយន្ដចំនួន ១៩នាក់ និងរថយន្ដត្រួតពិនិត្យឃើញថាត្រឹមត្រូវចំនួន ៩៣,០៩៣គ្រឿង។ ក្រុមការងារបានណែនាំម្ចាស់រថយន្ដដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ១,៣៦៤គ្រឿង។
ដោយឡែកសម្រាប់ប្រតិបត្តិការរយៈពេលពេញមួយខែមីនា ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្ដនៅទូទាំងប្រទេស បានសរុបចំនួន ៤៩,៤៨៥គ្រឿង ក្នុងនោះកាត់ទ្រុងចំនួន ២៩៦គ្រឿង, ដោះរានតខាងក្រោយចំនួន១៧៨គ្រឿង, គ្មានបណ្ណបើកបរចំនួន៨១នាក់, រថយន្ដគ្មានផ្លាកលេខចំនួន១៥គ្រឿង, ណែនាំរថយន្ដដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន៧១២គ្រឿង, ខ្វះឯកសារចំនួន៤៨១គ្រឿង, ដោះភ្លើងរថយន្ដបំភ្លឺខុសបច្ចេកទេសចំនួន៣៦គ្រឿង, ប្រើបណ្ណបើកបរខុសប្រភេទយានយន្ដចំនួន១៩នាក់ និងរថយន្ដត្រួតពិនិត្យឃើញថាត្រឹមត្រូវចំនួន៤៧,៦៦៧គ្រឿង។
ទោះជាយ៉ាងណាក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស បានប្ដេជ្ញាបន្ដការងារចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ម្ចាស់យានដ្ឋាន ក្រុមហ៊ុន និងម្ចាស់យានយន្ដឲ្យបានយល់ដឹងបន្ថែមទៀត។ ក្រុមការងារបន្ដការរឹតបន្ដឹងដូចភ្លៀងរលឹម ដូចជានៅតាមគោលដៅដើមទី កំពង់ផែ យានដ្ឋានជួសជុល និងកែច្នៃ និងដំឡើងយានយន្ដ និងតាមដងផ្លូវ។
សូមបញ្ជាក់ថា បន្ទាប់ពីមើលឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជាដើមចមនាំឲ្យមានការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសដាក់ចេញវិធានការកណ្តាប់ដៃដែក ដោយដាក់កំហិតចាប់ពីម៉ោង ១២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ មិនឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេសធ្វើចរាចរណ៍លើដងវិថីទៀតនោះឡើយ៕