(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យមានការបង្កើតគណៈកម្មការចម្រុះមួយក្រុមចុះ ត្រួតពិនិត្យនៅក្នងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ខ្លាចក្រែងកើតមានភាព មិនប្រក្រតីអ្នកទោសប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ ទំនាក់ទំនងចេញមកខាងក្រៅបញ្ជាឲ្យប្រព្រឹត្តបទល្មើសផ្សេងៗ ចេញពីក្នុងពន្ធនាគារ បន្ទាប់ពីមានទណ្ឌិតនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ លួចប្រើប្រើប្រាស់ទូរស័ព្ទ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ អាត់ ខែម ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខប្រចាំខែមីនា លើកទិសដៅការងារ ប្រចាំខែមេសា ឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
ការជំរុញបែបនេះលោកឧត្តមសេនីយ៍ទោ អាត់ ខែម បន្ទាប់ពីមានអ្នកទោសបានលួចប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដើម្បីទាក់ទងជាមួយគូកននៅខាងក្រៅ ពាក់ព័ន្ធរឿងនយោបាយ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រតិកម្មយ៉ាងខ្លាំងៗ និងបានបញ្ជាឲ្យឆ្មាំគុក ទៅដកទូរស័ព្ទពីទណ្ឌិតភ្លាមៗផងដែរ។
លោកស្នងការ ក៏បានប្រកាសដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវទទួលខុសត្រូវកិច្ចការងាររក្សាសន្តិសុខ សុវត្ថិភាពចាត់វិធានការទប់ស្កាត់មិន ឲ្យកើតមានអ្នកទោស ឬណ្ឌិតណាមួយប្រើប្រាស់ទូរស័ព្ទ នៅក្នុងពន្ធនាគារនោះឡើយ។ កន្លងមកពន្ធនាគារ ខេត្តបន្ទាយមានជ័យ ពីមុនធ្លាប់កើត មានករណីអ្នកទោស ឬទណ្ឌិតប្រើប្រាស់ទូរស័ព្ទដៃ ហៅចេញមកខាងក្រៅ បញ្ជាទិញគ្រឿងញៀន និងចាប់ជំរិតទារប្រាក់ជាដើមនោះ។
លោកស្នងការ ក៏បានជុរញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងពន្ធនាគារខេត្ត និងស្នងការដ្ឋាននគរបាលខេត្តដើម្បីពង្រឹង នៃការគ្រប់គ្រង ឲ្យបានល្អនៅក្នុងពន្ធនាគារ ពីព្រោះលោកពិនិត្យឃើញថា ពន្ធនាគារខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកទោស ឬទណ្ឌិតកំពុងជាប់ឃុំឃាំងរហូតជាង១ពាន់នាក់ហើយ៕