(ភ្នំពេញ)៖ សិស្សនិស្សិត និងសាធារណៈជនជាង១ពាន់នាក់ នឹងចូលរួមក្នុងសិក្ខាសាលាហ្វឹកហាត់ Boot Camp Workshop របស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (Amcham) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលាដែលគ្រោងប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានការអញ្ជើញជាអធិបតីភាពដោយ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសភាពាណិជ្ជកម្មអាមេរិក និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសិស្ស និស្សិត មកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាធារណៈជនប្រមាណជាង១ពាន់នាក់ ។
បើតាមគណៈកម្មការរៀបចំសិក្ខាសាលា ហ្វឹកហាត់ Boot Camp Workshop របស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (Amcham)នេះបានឲ្យដឹងថា សិក្ខាសាលារយៈពេល១ថ្ងៃនេះ នឹងផ្តល់ឱកាសដល់សិស្ស-និស្សិតជួបជាមួយនឹងអ្នកជំនាញខាងប្រឹក្សាយោបល់ពីអាជីពការងារ ដើម្បីស្វែងយល់អំពីព័ត៌មានទីផ្សារការងារ និងតម្រូវការកម្លាំងពលកម្មនៅកម្ពុជា សម្រាប់ការរៀបចំផែនការអាជីព និងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារ ។ គណៈកម្មការដដែលបានឲ្យដឹងទៀតថា អ្នកដែលចូលរួមក្នុងសិក្ខាសាលានេះ គឺចូលរួមដោយសេរី ពុំមានការបង់ប្រាក់នោះទេ។
លើសពីនេះសិក្ខាសាលានេះ ក៏នឹងផ្តល់ឱកាសដល់សិស្ស-និស្សិត ជួបជាមួយនិយោជកផ្ទាល់ ដើម្បីទទួលបានព័ត៌មានអំពីតម្រូវការការងារ និងទទួលបានឱកាសធ្វើ ទស្សនកិច្ចសិក្សានៅក្រុមហ៊ុនដែលជាសមាជិករបស់ Amcham ។ ជាមួយគ្នានេះដែរ សម្រាប់សិស្ស និស្សិត ដែលចូលរួមស្តាប់ការណែនាំ និងប្រឹក្សាយោបល់ដោយអ្នកជំនាញ នឹងទទួលបានព័ត៌មានអំពី ឱកាសការងារ ព័ត៌មានទីផ្សារការងារ និងការរៀបចំខ្លួនដើម្បីចូលក្នុងទីផ្សារការងារ នៅតាម Boot Camp នីមួយៗ ។
ក្នុងសិក្ខាសាលាពេញមួយថ្ងៃនេះ ក៏នឹងមានការតាំងបង្ហាញបញ្ជរពីបណ្តាក្រុមហ៊ុន និងគ្រឹះស្ថានអប់រំឯកជនចំនួន៩បញ្ជរ ព្រមជាមួយបញ្ជររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផងដែរ ៕