(ភ្នំពេញ)៖ ក្នុងអំឡុងពេលមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ភាគីកម្ពុជា និងភាគីថៃ បានសហការគ្នាសម្រួលដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ អាចធ្វើដំណើរចេញចូលប្រទេសថៃ-កម្ពុជា បានចាប់ពីថ្ងៃទី៥ រហូតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្តី ជូនដំណឹងរបស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ពីគោលការណ៍ចំនួន៤ ដែលសម្រួលដល់ពលករខ្មែរ៖
ទី១៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ភាគីកម្ពុជា និងភាគីថៃ បានសហការគ្នាដើម្បីសម្រួលដល់ពលករ ដែលកាន់កាប់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) នៅមានសុពលភាព និងពលករដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស (TD) ដែលមានទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារនៅមានសុពលភាព ព្រមទាំងអ្នកនៅក្នុងបន្ទុក អាចធ្វើដំណើរចេញ ចូលប្រទេសថៃ-កម្ពុជាបានចាប់ពីថ្ងៃទី៥ រហូតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ទី២៖ ចំពោះបងប្អូនពលករ កាន់កាប់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ដែលមានបំណងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ត្រូវស្នើសុំលិខិតអនុញ្ញាតពីមន្ទីរការងារថៃ ក្នុងខេត្តដែរខ្លួនកំពុងធ្វើការ។ ដោយឡែកចំពោះបងប្អូនពលករ ដែលកាន់កាប់លិខិតឆ្លងដែន លិខិតធ្វើដំណើរ (TD) ត្រូវទៅស្នើសុំទិដ្ឋាការចេញ ចូលនៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្ត ដែលខ្លួនធ្វើការ ឬច្រកព្រំដែនអន្តរជាតិ ដោយពុំមានបង់កម្រៃឡើយ។
ទី៣៖ ពលករទាំងអស់ត្រូវឆ្លងកាត់ តាមច្រកព្រំដែនអន្តរជាតិ ប្រសិនបើជាត្រឡប់មកកម្ពុជា តាមច្រកណាត្រូវត្រឡប់ទៅថៃវិញតាមច្រកនោះវិញ។
ទី៤៖ ពលករកម្ពុជាកាន់ប័ណ្ណមិនមែនសញ្ជាតិខ្មែរ (ប័ណ្ណពណ៌ស៊ីជម្ពូ) មិនត្រូវឲ្យសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន ដើម្បីធ្វើដំណើរត្រឡប់មកកម្ពុជាវិញឡើយ ក្នុងអំឡុងពេលភាគីថៃ និងកម្ពុជា បានឯកភាពគ្នានោះ៕