(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» ដែលជាហាងកាហ្វទំនើប និងល្បីជាងគេនៅកម្ពុជា បំពាក់នូវសម្ភារៈទាន់សម័យ ប្លែកពីគេ និងជាសាខាទី១៣ ផ្លូវព្រះនរោត្តម ដោយបានចំណាយទុន ប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក ដើម្បីស្ថាបនា និងរចនាយ៉ាងល្អឥតខ្ចោះនោះ បានបើកសម្ពោធដំណើរហើយ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ, លោក ឧកញ៉ា សួរ វីរៈ ម្ចាស់ហាងកាហ្វេ «Arabitia» ដែលទទួលសិទ្ធិលក់បន្តពីប្រទេសថៃ ព្រមទាំងលោក លោកស្រី ដែលជាពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ទៀត។
លោកឧកញ៉ា សួរ វីរៈ ដែលបានទទួលសិទ្ធិផ្ដាច់មុខលក់បន្ត ពីប្រទេសថៃ បានថ្លែងឲ្យដឹងថា ឆ្លើយតបទៅនឹងការគាំទ្រ កាន់តែច្រើនពីអតិថិជន ជាពិសេសដៃគូពាណិជ្ជកម្មក្នុងស្រុក ក្រុមហ៊ុនបាននឹងពង្រីកសាខាថ្មីៗបន្ថែមទៀត ជាបន្តបន្ទាប់ និងបានរចនាហាងកាន់តែមានសោភណ្ឌភាពស្រស់ស្អាត និងងាយស្វែងរក តាមរយៈឡូហ្គោ និងការតុបតែងរចនាបថ អាគារខាងក្រៅតែម្ដង។ និយាយរួមគ្រាន់តែក្រឡេកឃើញភ្លាម ក៏ដឹងច្បាស់ដែរថា នេះជាហាងកាហ្វេអារ៉ាប៊ីធា។ យ៉ាងណាមិញ ភាពជោគជ័យជាហូរហែមកនេះ កើតមានឡើងបាន ដោយសារតែក្រុមហ៊ុន មានការតាំងចិត្តច្បាស់លាស់ ចំពោះអតិថិជន និងផ្ដល់ជូននូវគុណភាព អនាម័យ រសជាតិ និងសេវាកម្មរហ័សទាន់ចិត្ត។
លោកឧកញ៉ាជាអ្នកជំនួញរូបនេះ បានបន្តទៀតថា ការជ្រើសរើសទីតាំង ផ្លូវព្រះនរោត្តមនេះ គឺជាទីតាំងល្អបំផុត ព្រោះជាកន្លែងប្រមូលផ្ដុំ ទៅដោយមន្រ្តីរាជការ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងអ្នកវិនិយោគផ្សេងៗ ជាច្រើន ហើយពួកគេតែងតែប្រើទីតាំងហាងកាហ្វេ ដើម្បីណាត់ជួបគ្នា ពិភាក្សាការងារ និងទំនាក់ទំនងធ្វើជំនួញផ្សេងៗ ក្នុងបរិយាកាសមួយ ដ៏សមរម្យបំផុត។ ជាការពិតគោលដៅ ដែលជំរុញឲ្យពីអតិថិជន មានការផ្ដល់ទំនុកចិត្ត គឺហាងកាហ្វេ និងនាំផលិតផលរបស់ខ្លួន ឲ្យកាន់តែកៀកដល់ដៃអតិថិជន អាចបំពេញតម្រូវការយ៉ាងឆាប់រហ័ស និងធានាបាននូវរសជាតិដើម ជាមួយនឹងសេវាកម្មកាន់តែល្អ នៅគ្រប់សាខាទាំងអស់ ដែលនេះជាការតាំងចិត្ត រយៈពេលវែងចំពោះអតិថិជន។
លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ជាការពិតណាស់បច្ចុប្បន្ននេះ មានហាងកាហ្វេល្បីៗជាច្រើន បានរីកដុះដាលព្រោងព្រាត ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែហាងកាហ្វេទាំងនោះ មានគោលដៅទៅលើអតិថិជនខុសៗគ្នា ហាងកាហ្វេខ្លះ ផ្ដោតសំខាន់លើមនុស្សចាស់ និងហាងខ្លះផ្ដោតសំខាន់លើយុវវ័យ ប៉ុន្តែសម្រាប់ហាងកាហ្វេ «Arabitia» គឺយើងមានគោលដៅ ផ្ដោតសំខាន់លើមនុស្សគ្រប់វ័យទាំងអស់ មិនថាចាស់ ក្មេង យុវវ័យ ឬមនុស្សក្នុងឋានៈណានោះទេ ពោលគឺយើងមានការរចនា ផ្ទៃហាងទាំងមូល តម្រូវតាមចិត្តអតិថិជន ទាំងអស់។ ម្យ៉ាងវិញទៀត អ្វីដែលលោកឧកញ៉ា មិនបានភ័យព្រួយចំពោះការ ប្រកួតប្រជែងលើទីផ្សារកាហ្វេ នាពេលបច្ចុប្បន្ននេះ គឺហាង «Arabitia» បានយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃរសជាតិ អនាម័យ តម្លៃ និងសេវាកម្មដ៏ល្អ ដល់អតិថិជនទាំងអស់ ខណៈដែលហាង ក៏មានបម្រើជូននូវម្ហូបអាហារ ទាំងបែបអាស៊ី និងអឺរ៉ុប មានរសជាតិឆ្ងាញ់ ទាំង៣ពេល ជូនដល់អតិថិជន ផងដែរ។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ ក្រុមហ៊ុនបានបើកសម្ពោធ សាខារបស់ខ្លួន ជាច្រើនរួចមកហើយ ខណៈដែលការសម្ពោធនៅថ្ងៃនេះ ជាសាខាទី១៣ និងសាខាដែលកំពុងតែពង្រីកបន្ថែមទៀត នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ដូចជា សៀមរាប ព្រះសីហនុ កំពង់ស្ពឺ និងទីប្រជុំជនសំខាន់ៗ ជាច្រើនទៀត។ ទោះបីជាយ៉ាងណា គិតត្រឹមខែមីនា ឆ្នាំ២០១៨នេះ ទុកវិនិយោគហាងកាហ្វេ «Arabitia» នៅទូទាំងប្រទេសកម្ពុជា គឺមានប្រមាណជិត៣លានដុល្លារហើយ ដោយគម្រោងនេះ មិនទាន់បញ្ឈប់នៅឡើយទេ ព្រោះតែហាងកាហ្វេ នៅតែបន្តពង្រីកសាខាបន្ថែមទៀត ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន ឲ្យបានគ្រប់ចំនួន។
សូមបញ្ជាក់ថា ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។
ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» សាខាថ្មីនេះ មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវព្រះនរោត្តម ទល់មុខក្រសួងឧហ្សាហកម្ម និងសិប្បកម្ម ខណៈដើម្បីអបអរសាទរ ការបើកសម្ពោធនេះ ហាងកាហ្វេនឹងមាននូវប្រម៉ូសិនពិសេសៗ គឺបញ្ចុះតម្លៃ៣០ភាគរយ និងផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើន បន្ថែមទៀត ជូនដល់អតិថិជន។ ក្រៅពីនោះ ហាងកាហ្វេ ក៏មានភេសជ្ជៈគ្រប់មុខ មានរសជាតិឆ្ងាញ់ពិសារ គឺមានម្ហូបអាហារជាច្រើនមុខ ទាំងបែបអាស៊ី និងបែបអឺរ៉ុប ដើម្បីបម្រើនូវសេវាកម្មអាហារ ជូនដល់លោកអ្នកទៀតផង៕