(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការចាប់ដៃគូជាមួយ ក្រុមមូលនិធិអន្តរជាតិសឹង្ហបុរី (SIF) និង បណ្ដាញក្រុមមន្ទីរពេទ្យស៊ីងហែល្ស (SingHealth) ប្រទេសសិង្ហបុរី និងបណ្តាញក្រុមមន្ទីរពេទ្យស៊ីងហែល្ស (SingHealth) ប្រទេសសិង្ហបុរី សម្រាប់កម្មវិធីផ្ដល់ចំណេះដឹង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈសុខាភិបាល បានជួយជំរុញឲ្យមានភាពងាយ ស្រួលសម្រាប់ការរៀនសូត្រ ចែករំលែកបទពិសោធន៍ រវាងអ្នកជំនាញវេជ្ជសាស្ត្ររបស់ប្រទេសទាំងពីរ គឺកម្ពុជា និងសិង្ហបុរី បានទទួលនូវលទ្ធផលល្អៗដូចជា ការអភិវឌ្ឍពិធីសារ ឬប្រូតូកូលថែទាំព្យាបាល និងដំណើរការប្រព្រឹត្តទៅ នៃការគ្រប់គ្រងស្ថានភាពសង្គ្រោះបន្ទាន់ក្នុងផ្នែកសេវាមន្ទីពេទ្យ។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំសិក្ខាសិលា ដោយចាប់ដៃគូជាមួយ ក្រុមមូលនិធិអន្តរជាតិសឹង្ហបុរី (SIF) និង បណ្ដាញក្រុមមន្ទីរពេទ្យស៊ីងហែល្ស (SingHealth) ប្រទេសសិង្ហបុរី និងបណ្តាញក្រុមមន្ទីរពេទ្យស៊ីងហែល្ស (SingHealth) ប្រទេសសិង្ហបុរី ក្រោមវត្តមានលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង។
លោក ម៉ម ប៊ុនហេង បានថ្លែងថា ថា វគ្គបណ្ដុះបណ្ដាលដែលបានរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ពិតជាបានទទួលផ្លែផ្កា និងជោគជ័យគួរឲ្យកត់សម្គាល់ នឹងបានចូលរួមចំណែកលើកកម្ពស់ និងបន្ថែមសមត្ថភាពដល់មន្ទីរពេទ្យទាំងឡាយ ក្នុងការផ្ដល់សេវាថែទាំផ្នែកសង្គ្រោះបន្ទាន់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាលំដាប់ជួយពង្រឹងចំណេះដឹង និងជំនាញគ្រប់គ្រងស្ថានការណ៍ សង្គ្រោះបន្ទាន់សម្រាប់ពេទ្យជំនាញរបស់យើង។
លោក ម៉ម ប៊ុនហេង បានបន្តថា បច្ចុប្បន្ននេះ យើងមានអ្នកឯកទេសគ្រប់ជំនាញប្រកបដោយបទពិសោធខ្ពស់រួចជាស្រេចនៅតាមមន្ទីរពេទ្យ ជាតិនានាដូចជា៖ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យខ្មែរសូវៀតជាអាទិ៍ ហើយជឿជាក់ថាយើងនឹងតែងតែមានឱកាសអាចដោះដូរ និងចែករំលែក បទពិសោធន៍ជាមួយសហភាតរៈរបស់យើងមកពីប្រទេសសិង្ហបុរី និងរួមគ្នាជួយឲ្យសម្រេចបាននូវគោលដៅដូចអ្វីដែលបានគ្រោងទុក។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា នៅក្នុងកម្មវិធីបញ្ចប់វគ្គ បណ្ដុះបណ្ដាលការគ្រប់គ្រងជំនាញសង្គ្រោះបន្ទាន់ និងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់សម្រាប់រយៈពេលបីឆ្នាំបន្តទៀត រវាងមន្ទីរពេទ្យកាល់ម៉ែត្រ និងបណ្ដាញក្រុមមន្ទីរពេទ្យស៊ីងហែល្ស (Sing Health) ប្រទេសសិង្ហបុរី ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តថា វគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងជំនាញសង្គ្រោះបន្ទាន់រយៈពេលពីរឆ្នាំកន្លងមកនេះបានមកដល់ទីបញ្ចប់ ជាមួយនឹងលទ្ធផលជាផ្លែផ្កាប្រកបដោយមោទនភាពដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ដល់អ្នកជំនាញវេជ្ជសាស្ត្រមកពីគ្រឹះស្ថាន សុខាភិបាលចំនួន៥ នៃកម្ពុជា មានមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌល គាំពារមាតា និងទារកមន្ទីពេទ្យព្រះកុសមៈ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានចំនួនសរុបពី៩០០នាក់ និងបណ្ដុះបណ្ដាលបានគ្រូបង្គោល ចំនួន២០នាក់ សម្រាប់ទទួលភារកិច្ចបណ្ដុះបណ្ដាលនៅនាថ្ងៃអនាគត។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ទោះបីគម្រោងមួយនេះបានត្រូវបានបញ្ចប់ ប៉ុន្តែមន្ទីរពេទ្យកាល់ម៉ែត្រ និងបណ្ដាញមន្ទីរពេទ្យ សេវាសុខាភិបាលប្រទេសសិង្ហបុរី នៅតែពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលយូររបស់ខ្លួនដោយបន្តសហការណ៍ចុះហត្ថលេខាលើអនុសារណៈ យោគយល់គ្នាថ្មី ដែលនឹងពង្រឹងទំនាក់ទំនងរបស់យើង លើផ្នែកបណ្ដុះបណ្ដាលជំនាញសុខាភិបាល និងផ្នែកស្រាវជ្រាវថ្មីៗបន្ថែមទៀតនា ពេលអនាគត៕