(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) និងអង្គការអភិវឌ្ឍសហប្រជាជាតិប្រចំានៅកម្ពុជា (UNDP) បានគាំទ្រការអនុវត្តគម្រោង «លើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា» ដែលអនុវត្តរយៈពេល៦ឆ្នាំ ពីឆ្នាំ២០១២-២០១៧ ដោយបានចំណាយថវិកាជាង៤លានដុល្លារអាមេរិក។
នេះបើតាមរបាយការណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំបិទគម្រោង របស់គណៈកម្មាធិការដឹកនាំគម្រោង ដែលរៀបចំឡើងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
កិច្ចប្រជុំមានការចូលរួមពីលោកស្រីបណ្ឌិត ប៉ែន រ៉ានី ឧបការីប្រចាំប្រទេសរបស់ UNDP និងលោកស្រី Francesca Ciccomartino អនុព័ន្ធផ្នែកអភិបាលកិច្ចល្អ និងសិទ្ធិមនុស្សនៃ EU ប្រចាំប្រទេសកម្ពុជា និងលោក ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកស្រី មុំ ក្រសាល អនុប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
គម្រោង «លើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា» មានគោលបំណងលើកកម្ពស់យន្តការ តំណាងសម្លេងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងការផ្តល់សេវាដល់សមាជិក។
សមិទ្ធផលសំខាន់ៗ របស់គម្រោងរួមមាន៖ ទី១៖ ការបង្កើតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅ២៥រាជធានីខេត្ត, ទី២៖ ការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ទី៣៖ ការបង្កើតសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទី៥៖ ការបង្កើត និងការឲ្យអនុវត្តក្រមសីលធម៌ សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅទូទាំងប្រទេស។
ជាមួយគ្នានោះ គម្រោងបានគាំទ្រការផ្តល់សេវា របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅ១៨ខេត្តគោលដៅ។
សេវារបស់សមាគមក្រុមប្រឹក្សារួមមាន៖
ទី១៖ ការរៀបចំវេទិកាថ្នាក់អំពី ការផ្តល់សេវានៅថ្នាក់ឃុំ
ទី២៖ ការរៀបចំវេទិកាថ្នាក់ស្រុកផ្តល់ឱកាស ដល់ក្រុមប្រឹក្សាលើកពីបញ្ហាប្រឈម ក្នុងការផ្តល់សេវាដល់ពលរដ្ឋ
ទី៣៖ ការរៀបចំវេទិកាថ្នាក់ខេត្តដើម្បីឲ្យមន្ទីរវិស័យពាក់ព័ន្ធស្រាយបំភ្លឺ បញ្ហាប្រឈមលើកឡើងដោយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់
ទី៤៖ ការផ្តល់សេវាពិគ្រោះយោបល់ដល់ឃុំ សង្កាត់ដែលជួបបញ្ហាប្រឈម
និងទី៥៖ ការកសាងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់៕