(កំពង់ស្ពឺ)៖ ថ្លែងចេញពីតំបន់ភ្នំធំម្រះព្រៅ ទីដែលកម្ពុជា-ចិន រៀបចំលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ ពិតជាមានគុណសម្បត្ដិណាស់ សម្រាប់កងទ័ពកម្ពុជា ដើម្បីបង្កើននូវសមត្ថភាព ក្នុងការពារជាតិមាតុភូមិ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក ចូវ សុងហឺរ ធ្វើសន្និសីទព័ត៌មានរួមគ្នា បង្ហាញលទ្ធផល នៃការធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ ក្រោយបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «លំហាត់ហ្វឹកហ្វឺននៅក្នុងពេលនេះ គឺវាជាឱកាសមួយល្អបំផុតសម្រាប់បង្កើនសមត្ថភាព នៃកងទ័ពទាំង២នេះ បានសិក្សារៀនសូត្រផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក ដូច្នេះបើនិយាយពីផលប្រយោជន៍ ក៏ដូចជាសមត្ថភាពដែលទទួលបាន ក្នុងឱកាសនេះ គុណសម្បត្តិ របស់វានាំឲ្យយើងបានបង្កើននូវសមត្ថភាព និងភាពជាក់លាក់នូវផ្នែកជំនាញទាំងអស់ ដើម្បីបំពេញភារកិច្ចការពារជាតិ ការពារប្រទេសរបស់យើង កាន់តែមាន ប្រសិទ្ធភាពខ្លាំងខ្លាថែមទៀត»។
ប្រមុខការពារជាតិកម្ពុជារូបនេះ បានបង្ហាញនូវក្ដីរំពឹងថា ក្រោយបញ្ចប់លំហាត់សមយុទ្ធដែលជាការហ្វឹកហាត់ផ្ទាល់យ៉ាងដូច្នេះថា នូវពេលដែលមានហេតុការណ៍ ជាក់ស្ដែងណាមួយកើតឡើង ច្បាស់ណាស់កងទ័ពកម្ពុជា នឹងអាចគ្រប់គ្រងស្ថានការណ៍បានដោយភាពអង់អាចក្លាហានយ៉ាងពិតប្រាកដជាក់ជាមិនខានឡើយ។
សូមរំលឹកថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តាមរយៈសន្ទរកថាយ៉ាងមានអត្ថន័យថា ឆ្នាំ២០១៨គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលបានបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមនៃប្រទេសទាំងពីរ។
ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានជំរុញ និងធ្វើឲ្យកាន់តែប្រសើរឡើង ដោយមានការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាញឹកញាប់ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ប្រជាជន និងប្រជាជនយ៉ាងសកម្ម និងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងភាគីទាំងពីរនៅក្នុងឱកាសប្រជុំនានា៕