(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកពេលបើកសវនាការកាត់ទោសជនជាប់ចោទជាអតីតមន្ត្រីយោធា និងអតីតសមាជិកក្រុមប្រឹក្សា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតម្នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស ឆបោក និងក្លែងឯកសារដីធ្លី បាននៅឡើយ ព្រោះតែអវត្តមានដើមបណ្តឹង មេធាវីដើមបណ្តឹង និងសាក្សី។ នេះបើតាមមន្រ្តីតុលាការ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
មន្រ្តីតុលាការបានបញ្ជាក់ថា «លោកចៅក្រម កូយ សៅ បានប្រកាសសុំលើកពេលសវនាការ ទៅពេលខាងមុខ ដោយសារតែសំណុំរឿងនេះ ត្រូវការគូភាគីទាំងសងខាងចូលរួម ដើម្បីបង្ហាញឱ្យពីការពិត និងរកយុត្តិធម៌ឱ្យគ្រប់ភាគី»។
លោក ស៊ិន វិរៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ បានចោទប្រកាន់លើជនជាប់ចោទ ទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរ ជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពីបទ «ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក» ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
លោក នូ ចន្ថា ដែលជាមេធាវីការពារសិទ្ធិ បានស្នើសុំឱ្យលោក កូយ សៅ ចៅក្រមជំនុំជម្រះ ជួយដាក់ពេលបើកសវនាការសំណុំរឿងនេះឱ្យបានលឿន ព្រោះតែកូនក្តីរបស់លោកជាមន្ត្រីយោធា និងជាសមាជិកក្រុមប្រឹក្សាឃុំ។
យោងតាមប្រភពពីមន្ត្រីសាលាដំបូងបានឱ្យដឹងថា សំណុំរឿងនេះ កំពុងមានអ្នករត់ការ ជួយសម្របសម្រួលឱ្យតុលាការបន្ធូយបន្ថយទោសដោយ ជួយកាត់តម្រឹម ដោយអនុវត្តទោសក្នុងពន្ធនាគារលើ ជនជាប់ចោទទាំងពីរនាក់ ត្រឹមថ្ងៃប្រកាសសាលក្រម តែប៉ុណ្ណោះ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានសម្រេចដកបេក្ខភាពជនជាប់ចោទឈ្មោះ ហេង សាន ពីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយដាក់បេក្ខភាពថ្មីជំនួសវិញ។
សូមជម្រាបជូនថា ជនជាប់ចោទ ស៊ុន សៀង ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងជនជាប់ចោទ ហេង សាន ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ២រូប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន២ ក្នុងសំណុំរឿងពីរផ្សេងៗគ្នា រួមមាន៖
*ទី១៖ ដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទទាំង២នាក់ ពីបទ «ឆបោក» ប្រាក់កក់ថ្លៃដីចំនួន៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោកនេះ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។
*ទី២៖ ដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ជនត្រូវចោទទាំង២នាក់ ខាងលើពីបទ «ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក» ដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋជាង១០០នាក់ថា ជាម្ចាស់ដីនៅខេត្តកំពតចំនួន៦០០០ហិកតា និងប្រើតួនាទីជាយោធា ដើម្បីទៅលក់ដីខ្យល់នោះ ទៅឱ្យជនរងគ្រោះ បោកប្រាស់យកលុយ ប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមបទចោទ ឆបោក ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។ ចំណែកបទចោទ ក្លែងបន្លំ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងបទ ប្រើប្រាស់លិខិតក្លែង ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ ផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទទាំង២នាក់ ខាងលើនេះ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងដីកាបង្គាប់ឱ្យនាំខ្លួនចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន៥០,០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕