(ភ្នំពេញ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈ សហការជាមួយមន្រ្តីជំនាញ របស់មន្ទីពិសោធន៍បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងនៅតាមស្ថានីយ និងដេប៉ូមួយចំនួន ដែលធ្លាប់ធើ្វកិច្ចសន្យាក្នុងការត្រួតពិនិត្យដំបូងរួចមក ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ និងផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីតាមដានរកភាពអនុលោមទោតាមការកែតម្រូវឲ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់។
ការត្រួតពិនិត្យគុណភាព និងបរិមាណ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដែលដឹកនាំដោយ លោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋាន គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យ នៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នា មានចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈមន្រ្តីកាំកុងត្រូល បានរកឃើញចំនួន ០១ដេប៉ូ ជាដេប៉ូ TELA (២៧១) មានតំណាងឈ្មោះ ពៅ ផល្លី មានបញ្ហាកង្វះរង្វាស់រង្វាល់ ដែលមានទីតាំងនៅលើផ្លូវ ២៧១សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដើម្បីពិចារណា ចំពោះម្ចាស់ស្ថានីយ ដេប៉ូ ដែលមិនព្រមកែតម្រូវអំពីការព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំ បញ្ឈប់ការអាជីវកម្មតែម្តង។
លោក ងួន សុមល្លីវង្ស បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយទាំងអស់នៅប្រទេសកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយ ក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលទៅតាមផ្លូវច្បាប់។
លោកបន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ច មុនពេលចាក់តាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នា ម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ។
សេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេង ក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕