(តាកែវ)៖ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្វីៗដែលមានមកដល់ថ្ងៃនេះ មិនមែនបានមកពីការនិយាយរបស់ក្រុមប្រឆាំងណានោះទេ គឺបានមកពីការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៧៩ពីបាតដៃទទេ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ អ្នកវិនិយោគិនបរទេសមកបណ្ដាក់ទុនជាបន្តបន្ទាប់ និងមានកំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំង។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែនេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គខ្វាវ ស្ថិតឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ៧៤៦នាក់ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀត។
នាយឧត្តមសេនីយ៍បានបន្តថា សមិទ្ធផលនានាដែលបាន និងកំពុងទទួលផលនាពេលនេះ គឺបានមកពីប្រទេសជាតិមានសុខសន្តិភាពនិងស្ថេរភាព និងការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃនយោបាយ ឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំការពាររបស់គណបក្សប្រជាជនកម្ពុជា កុំឱ្យកើតឡើងនូវស្ថានភាព ដ៏អាក្រក់ដូចពីអតីតកាល និងទប់ស្កាត់បានរាល់សកម្មភាព ដែលបង្កអសន្តិសុខសង្គម និងចលនាបដិវត្តន៍ពណ៌ក្រុមបំរើបរទេស។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «កម្ពុជាមិនមានវិវត្តិនយោបាយអ្វីនោះឡើយ ហើយអ្នកដែលជាប់ទោស នៅតែជាប់ទោស ហើយការបោះឆ្នោតនឹងនៅតែដំណើរការជាធម្មតានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស ដូច្នេះរបស់ដែលហៅថា វិបត្តិនយោបាយ ជារឿងមួយដែលកើតឡើងសម្រាប់តែមនុស្សមួយក្រុម ដែលប្រព្រឹត្តិខុសច្បាប់តែប៉ុណ្ណោះ ហើយពួកគេត្រូវតែ ប្រឈមបញ្ហាច្បាប់ គឺមិនមែនជាបញ្ហាដែលត្រូវដោះស្រាយបញ្ហា ខាងនយោបាយណានោះទេ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ មានអ្នកវិនិយោគិនបរទេស មកបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើរដល់ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត បន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើន។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាក្រណាត់សជូនយាយជីតាជី ថវិកា ដល់លោកគ្រូអ្នកគ្រូ ក្រុមកាយរិទ្ធិយុវជន យុវជនកាកបាទក្រហម សាលាស្រុកក្រុមប្រឹក្សាឃុំអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងផ្ដល់កុំព្យូទ័រ១គ្រឿង ព្រីនធរ័១គ្រឿងៗ ដល់ឃុំខ្វាវ និងគណបក្សប្រជាជនកម្ពុជាស្រុកសំរោង។
ប្រគេនបច្ច័យវត្ត៥០លានរៀល ប្រគេនបច្ច័យ២វត្ត វត្តអង្គតាពៅ និងវត្តចល្លវ័នក្នុង១វត្ត៥លានរៀល សម្រាប់កសាងសមិទ្ធផលក្នុងទីវត្តអារាម និងបានបំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរជន ដែលបានចូលរួមកសាងសមិទ្ធផលក្នុងទីវត្ត៕