(ភ្នំពេញ)៖ នៅគ្រាដែលកិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គ (GMS) នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ នាទីក្រុងហាណូយ ប្រទេសវៀតណាមនោះ, លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៩ ខែមីនានេះ បានចេញនូវសេចក្ដីថ្លែងការណ៍មួយ បង្ហាញពីវឌ្ឍនភាពគួរឲ្យភ្ញាក់ផ្អើល នៃការវិវឌ្ឍន៍ក្នុងតំបន់ទន្លេមេគង្គ ក្នុងមួយរយៈពេលភាគបួន ទសវត្សរ៍កន្លងមកនេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ ប្រធានធនាគារ ADB ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការវិនិយោគដោយផ្ទាល់ពី បរទេសមកក្នុងអនុតំបន់នេះ បានកើនឡើង១០ដង ហើយពាណិជ្ជកម្មរវាងប្រទេសនានា ក្នុងតំបន់នេះ បានកើនឡើងពី៥ពាន់លានដុល្លារ រហូតដល់ជាង៤១៤ ពាន់លានដុល្លារ។ ប៉ុន្តែអនុតំបន់នេះក៏មានបញ្ហាប្រឈមមួយចំនួន ដែលបានបន្ទុចបង្អាក់ ដល់ការសម្រេចនូវវិបុលភាព។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្នុងនាមជាមធ្យោបាយ ដើម្បីជួយលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ថ្នាក់តំបន់ រវាងប្រទេសជាសមាជិកទាំងប្រាំមួយ គឺកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កម្មវិធីនេះ បានបង្កើតនូវវេទិកាមួយ សម្រាប់ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ដោយបានកៀរគរថវិកាជិត ២១ ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់។
លោក Takehiko Nakao បានបន្ថែមទៀតថា ការបន្តកាត់បន្ថយភាពក្រីក្រ ការបន្សាំនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពថាមពល សន្តិសុខស្បៀង និងការពង្រីក និងអភិវឌ្ឍន៍ទីក្រុង ប្រកបដោយចីរភាព នៅតែជាអាទិភាព នៃកម្មវិធី GMS។ ប្រទេសនានា ក៏ជួបប្រទះ នឹងបញ្ហាប្រឈមថ្មីៗ មួយចំនួនផងដែរ ដូចជា ការកើនឡើង នូវបញ្ហាវិសមភាព ការកើនឡើងនូវការ ធ្វើចំណាកស្រុកឆ្លងដែន និងផលប៉ះពាល់ ដែលបដិវត្តន៍ឧស្សាហកម្មទី ៤ អាចបង្កមកលើការងារ របស់ប្រជាពលរដ្ឋ។
លើសពីនេះ ប្រទេស GMS បានយល់ស្របទៅតាមការប្ដេជ្ញាចិត្ត ដែលត្រូវបានដាក់ចេញក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួល អាកាសធាតុ។ លើសពីនេះ ក៏មានកាលានុវត្តភាពថ្មីៗ សម្រាប់តំបន់នេះផងដែរ ដូចជា ការយកបច្ចេកវិទ្យាថ្មីៗ មកប្រើប្រាស់តាមវិស័យមួយចំនួន ដូចជា អប់រំ កសិកម្ម សុខាភិបាល និងហិរញ្ញវត្ថុជាដើម។
ប្រទេស GMS ក៏ស្ថិតនៅចំផ្លូវប្រសព្វគ្នា រវាងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផងដែរ មានន័យថា ប្រទេសទាំងនេះអាចទទួលបានប្រយោជន៍ពីកំណើន ដែលកំពុងមានសន្ទុះ កើនឡើង ខ្លាំង នៅអាស៊ីខាងត្បូង។ ខណៈពេលដែលប្រមុខដឹកនាំ នៃប្រទេស GMS ជួបប្រជុំគ្នានៅសប្ដាហ៍នេះ ក្នុងទីក្រុងហាណូយ ដើម្បីកំណត់ពីអនាគតនៃកម្មវិធីនេះ នេះជាពេលដ៏ល្អមួយ ដើម្បីធ្វើការពិចារណា ពីរបៀបដែលការបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗ អាចជួយធានាឲ្យកម្មវិធី GMS នៅតែមានភាពពាក់ព័ន្ធនឹងឆ្លើយតប ចំពោះតម្រូវការនៃអនុតំបន់នេះ។
ការតភ្ជាប់ទំនាក់ទំនង ដែលជាគោលដៅទី ១ ត្រូវបានបង្កើនគួរឱ្យកត់សម្គាល់។ ផ្លូវសាងសង់ថ្មី ឬផ្លូវដែលត្រូវបានកែលម្អប្រវែងជាង ១០.០០០ គីឡូម៉ែត្រ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនី និងចែកចាយអគ្គិសនីប្រវែង ៣.០០០ គីឡូម៉ែត្រ ត្រូវបានបន្ថែមទៅក្នុងកម្មវិធីនេះ។
ប្រធានធនាគារ ADB រូបនេះ បានបន្ដថា បណ្ដាញគមនាគមន៍ទាំងនេះ ត្រូវបានកែលម្អប្រែក្លាយ ជាបណ្ដាញច្រករបៀងសេដ្ឋកិច្ចឆ្លងដែន ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ដែលជាការពង្រឹងបន្ថែមលើការ បំពេញការងាររយៈពេល ២៥ ឆ្នាំ ដើម្បីពង្រីកអត្ថប្រយោជន៍ ដែលបានពីកំណើនឲ្យសាយភាយ ដល់តំបន់ដាច់ស្រយាល។
ផែនការសកម្មភាពទីក្រុងហាណូយ អំពាវនាវឲ្យមានការបន្តពង្រីកច្រករបៀងសេដ្ឋកិច្ចទាំងនេះ ក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ និងរវាងតំបន់មួយ និងតំបន់មួយទៀត ក្នុងប្រទេសនីមួយៗ។
ភាពប្រកួតប្រជែងនៃអនុតំបន់នេះ កំពុងមានសន្ទុះកើនឡើង តាមរយៈការបន្តខិតខំប្រឹងប្រែងសម្រួលលំហូរការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្ម ការបង្កើនការនាំចេញកសិផល និងការ លើកកម្ពស់ មហាអនុតំបន់ទន្លេមេគង្គ ឲ្យក្លាយជាទិសដៅទេសចរណ៍តែមួយ បន្ទាប់ពីអនុតំបន់នេះ បានទទួលចំនួនភ្ញៀវទេសចរ៦០ លាននាក់ក្នុងឆ្នាំ២០១៦ ជាចំនួនដែល មិនធ្លាប់ មានកន្លងមក៕
សម្រាប់ខ្លឹមសារទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ របស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សូមអាននៅខាងក្រោមនេះ៖