(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា ប្រារព្ធទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី១ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងលើកស្ទួយការងារស្រាវជ្រាវ និងអាជីពវិទ្យាសាស្រ្តនៅកម្ពុជា។
ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី១ មានាការចូលរួមពី លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងស្ថាប័នកម្ពុជាជាច្រើនរូប។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌ នៃកម្មវិធីបារាំង២សប្តាហ៍នៅភ្នំពេញ ដោយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ទិវានេះនឹងជំរុញឲ្យនិស្សិត-សាស្ត្រាចារ្យកម្ពុជា ងាកមកផ្តោតការយកចិត្តទុកដាក់ ទៅលើការស្រាវជា្រវ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ទិវានេះឱកាស នៃការជួបជុំគ្នា និងចងក្រងបណ្តាញរវាងតួអង្គ មកពីគ្រប់មជ្ឈដ្ឋាន ដូចជានិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន ក្រុមហ៊ុន ហើយតាមរយៈព្រឹត្តិការណ៍ខាងលើ សាធារណជនអាចស្វែងយល់ផងដែរ អំពីគម្រោងស្រាវជ្រាវនៅកម្ពុជា ធ្វើឡើងដោយស្ថាប័នបារាំង ដោយសហការជាមួយដៃគូកម្ពុជា និងអន្តរជាតិ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រៅពីសន្និសីទ បទបង្ហាញ និងកិច្ចពិភាក្សាតុមូល វេទិកាមួយស្តីពីការស្រាវជ្រាវ និងការបង្កើតថ្មីត្រូវបានរៀបចំ ដើម្បីបង្ហាញស្នាដៃស្រាវជ្រាវ ប្រមាណ៣០របស់និសិ្សត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជា។ គម្រោងបង្កើតថ្មីរបស់ពួកគេ ក៏ត្រូវដាក់តាំងបង្ហាញ នៅតាមស្តង់នានាផងដែរ។ ចំណែកឯសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលក៏ដាក់បង្ហាញស្នាដៃ និងសកម្មភាពរបស់ខ្លួននៅតាមស្តង់ប្រមាណ៣០ផ្សេងទៀត។
សូមបញ្ជាក់ថា ប្រទេសបារំាងតែងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍការងារស្រាវជ្រាវនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យនេះ។ បារាំងបានគាំទ្រគោលនយោបាយកម្ពុជា ក្នុងការដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យ ហើយស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចំណាយលើការស្រាវជ្រាវ ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕