(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានហៅទំហាក់ទំនងរវាងកម្ពុជា-ចិន ថាជាមហាមិត្តភាពជាប្រពៃ ដែលបានកសាងឡើងដោយផ្ចិតផ្ចង់ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរគឺលោកប្រធាន ម៉ៅ សេទុង, លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងព្រះបរមរតនៈកោដ នរោត្តម សីហនុ ហើយបន្តរហូតដល់បច្ចុប្បន្ន។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក Zhou Songhe បានធ្វើឡើងនៅក្នុងពិធីបិទ លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកម្ពុជា-ចិន នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក Zhou Songhe បានបន្តថា ការហ្វឹកហ្វឺនសមយុទ្ធយោធារួមគ្នាពេលនេះ គឺជាការពង្រឹង និងការអភិវឌ្ឍន៍មហាមិត្ត រវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ គឺជាដៃគូរដែលបានទុកចិត្តលើគ្នាយ៉ាងស្មោះត្រង់ កងទ័ពទាំងពីរកម្ពុជា-ចិន គឺជាបងប្អូនដ៏ល្អ ចិត្តមួយថ្លើមមួយ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អ ហើយទំនាក់ទំនងការទូត៦០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងទូរគមនាគមន៍ វិស័យធនធានថាមពល កិច្ចការតំបន់ និងកិច្ចការអន្តរជាតិ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ផងដែរ។

សម្រាប់វិស័យការពារជាតិវិញ ឧត្តមសេនីយ៍ឯក Zhou Songhe បានបញ្ជាក់ថា ក្រសួងទាំងពីរ បានបង្កើតជាកិច្ចសហប្រតិបត្តិ ជាច្រើនគ្រប់ទ្រង់ទ្រាយ កងទ័ពទាំងពីរបានរក្សាទំនាក់ទំនងផ្លាស់ផ្តូរបទពិសោធន៍គ្រប់ជាន់ថ្នាក់។ ដោយឡែកចាប់ពីឆ្នាំ២០០២មក កងទ័ពចិន បានជួយកសាងវិទ្យាស្ថាន និងសាលាក្នុងកងយោធពលខេមរភូមិន្ទ បច្ចុប្បន្នវិទ្យាស្ថាន និងសាលាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន សរុប ១២សាលា ក្នុងនោះមាន៨សាលា (វិទ្យាស្ថានបញ្ជាការ សកលវិទ្យាល័យវិស្វកម្ម វិទ្យាស្ថានកងទ័ពថ្មើរជើង វិទ្យាស្ថានរថពាសដែក វិទ្យាស្ថានកាំភ្លើងធំ ការពារអាកាស វិទ្យាស្ថានទ័ពអាកាស វិទ្យាស្ថានទ័ពពិសេស និងវិទ្យាស្ថានការពារជីមីសាស្ត្រ។

សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ៕