(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កម្ពុជា និងមូលនិធិសកលបានសម្រេចនូវគោលដៅ រួមគ្នាយ៉ាងធំធេង ក្នុងរយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះ និងកំពុងបន្តដំណើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ តាមរយៈភាពជាដៃគូ ការរាប់បញ្ចូលគ្នា កិច្ចសហការ ប្រទេសយើងកំពុងខិតទៅជិត ដល់ការសម្រេចបានតាមគោលបំណង ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ អេដស៍ និងរបេងហើយ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការវាយតម្លៃការ រំពឹងទុកប្រចាំប្រទេស នៃមូលនិធិសកល នៅសណ្ឋាគាររ៉ាហ្វល់ ឡឺ រ៉ូយ៉ាល់ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការប្រតិបត្តិ និងគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ព្រមទាំងតំណាងស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ក្រុមប្រជាជនងាយរងគ្រោះ ទីប្រឹក្សាបច្ចេកទេស និងអ្នកជំនាញ ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ជាច្រើននាក់។
លោកទេសរដ្ឋមន្រ្តី បានបន្តឲ្យដឹងទៀតថា កាលពីឆ្នាំមុន ក្រុមពិនិត្យវាយតម្លៃបច្ចេកទេស បានស្នើសុំឲ្យសរសេរការវាយតម្លៃអំពី ការរំពឹងទុកប្រចាំប្រទេស ដោយផ្តល់នូវអនុសាសន៍ ទាំងស្រុងមួយក្នុងការអនុវត្ត និងផលប៉ះពាល់នៃយុទ្ធសាស្រ្តមូលនិធិសកលឆ្នាំ២០១៧-២០២២ «ការវិនិយោគ ដើម្បីបញ្ចប់ការរីករាលដាលមេរោគ»។ ការវាយតម្លៃការរំពឹងទុកប្រចាំប្រទេស គឺជាទម្រង់នៃការវាយតម្លៃ ដែលមានលក្ខណៈឆ្នៃប្រឌិតមួយ ដែលបានកើតឡើង ក្នុងពេលដំណាលគ្នានៃជុំហិរញ្ញប្បទានមូលនិធិសកលបច្ចុប្បន្ន ពីឆ្នាំ២០១៨-២០២០។ កិច្ចការនេះជួយឲ្យពួកគេអង្កេត និងផ្តល់យោបល់ត្រឡប់ទាន់ពេល ទៅតាមគំរូការងារមូលនិធិសកល។
លោកបន្តថា ការវាយតម្លៃការរំពឹងទុក ប្រចាំប្រទេសបាន និងកំពុងប្រតិបត្តិការនៅកម្ពុជា អស់រយៈពេលជិតមួយឆ្នាំហើយ នៅក្នុងបរិយាកាសមួយដែលកំពុងតែប្រែប្រួល និងវិវឌ្ឍ។ ក្នុងឋានៈជាស្ថាប័នទទួលជំនួយផ្ទាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដើរតួនាទីថ្មី និងការទទួលខុសត្រូវថ្មី រួមជាមួយនឹងក្រសួងសុខាភិបាល។
នៅទីបញ្ចប់លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះមូលនិធិសកល ដែលបានជួយគាំទ្រវិស័យសុខាភិបាល និងប្រសិទ្ធពរឲ្យអង្គសិក្ខាសាលា ទទួលបានជោគជ័យជាផ្លែផ្កា ក្នុងការពិភាក្សាពេញមួយថ្ងៃ ដើម្បីអាចរៀបចំ និងកំណត់អាទិភាព នៃការវាយតម្លៃការរំពឹងទុកប្រចាំប្រទេស ធានាបាននូវចីរភាព ក្នុងដំណាក់កាលអន្តរកាល និងសហហិរញ្ញវត្ថុនេះ និងជូនពរសមាជិកសមាជិកា កិច្ចប្រជុំ នូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕