(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ក្រោមនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន បានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ។
ការលើកឡើងបែបនេះ ខណៈដែលលោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា សមិទ្ធផលនានាវត្ត «សិរីវង្ស» និងអាគាររដ្ឋបាល ឃុំចន្ទ្រា ស្ថិតនៅភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
លោកស្រី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរព ព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិតជាមិនអាច កាត់ផ្ដាច់បានឡើយ។
លោកស្រីថា ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេច បានកសាង និងដឹកនាំប្រទេសឲ្យមាន សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូល រដ្ឋធម្មនុញ្ញ តែមួយ ជាពិសេស មានសុខុដុមនីយកម្ម ផ្នែកសាសនា ទើបមានលេចចេញ ជាសមិទ្ធិផលទាំងអស់នេះ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក តាន់ ថាណា និងលោកស្រីហូ ឡាយ។
លោកស្រីបន្ដថា ព្រមទាំងមានការចួលរួមពី លោក ឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលជាពុទ្ធសាសនុឧបត្ថម្ភដ៏ថ្លៃថ្លា បានចំណាយថវិកាផ្ទាល់ខ្លួន និងបានកៀគរ ថវិកា ដែលជាទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងការកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ទើបលេចចេញនូវសមិទ្ធផលនានា នៅក្នុងវត្តសិរីវង្ស និងនៅក្នុងឃុំចន្ទ្រា នាពេលនេះ។
ជាមួយគ្នានេះ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើ ចំនួន៥ចំណុច រួមមាន៖
ទី១៖ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវ សមិទ្ធិផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបាន គង់វង្សសម្រាប់ទុក ដល់កូនចៅជំនាន់ក្រោយៗទៀត។
ទី២៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៣៖ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
ទី៤៖ មិនត្រូវជឿតាមការញោះញ៉ុង របស់ជនអគិតិមួយចំនួនដែលតែងតែរារាំង ដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។
ទី៥៖ បងប្អូនទាំងអស់គ្នា ត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះ តាមសេចក្តីប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ កុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។
លោកស្រីបន្ដថា ព្រោះមានតែគណបក្សប្រជាជន តែមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។
ក្នុងនោះផងដែរ លោកស្រី ម៉ែន សំអន ក៏បានអញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឧបដ្ឋានសាលាវត្តសិរីវង្ស និងសាលាឃុំចន្ទ្រាផងដែរ៕