(ភ្នំពេញ)៖ ដោយសារកំណើនសិស្សកាន់តែច្រើន ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកឲ្យដំណើរការសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារ ព្រែកឯង) ដែលស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
អគារប៊ែលធីទី១៨នេះ មានកម្ពស់ ៧ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមាន៧២បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។
ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាលសិស្ស បច្ចុប្បន្ននេះសាលា ប៊ែលធី អន្តរជាតិទី១៨ ទទួលបានសិស្សចុះឈ្មោះចូលរៀនជិត១.០០០នាក់ លើមានកម្មវិធី សិក្សាធំៗចំនួន០៥ដូចសាខាដទៃទៀតផងដែរ ដូចជា៖ ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២), វគ្គបណ្តុះបណ្តាលជំនាញឯកទេស, ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត), វគ្គបណ្តុះបណ្តាលកុំព្យូទ័រ, ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)។
កន្លងមកសាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៨លើកម្មវិធី ដែលមានស្រាប់សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ច្បាប់ចរាចរណ៍ ផ្លូវគោកនិងការយល់ដឹងពីគ្រឿងញៀន), កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សា ជាសាធារណៈ), កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា), កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សន វាគ្មិនល្បីៗ), កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស), កម្មវិធីប្រកួតប្រជែងគណិតវិទ្យា, កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងកម្មវិធីកីឡា (អប់រំកាយ តៃក្វាន់ដូ និងកីឡាបាល់ទាត់)។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់ មកលើសាលាប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានីមួយៗ ដែលធ្វើឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់៕