(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានអញ្ជើញលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទថ្នាក់តំបន់ ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
ការអញ្ជើញនេះ ត្រូបានធ្វើឡើងក្នុងឱកាស លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
បើតាមលោក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ នេះជាកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ ហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសចំណុចអនុគ្រោះពិសេសៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនមិនទាន់យល់ច្បាស់។
លើសពីនោះទៀត សន្និសីទនេះក៏អាចជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។
ជាកិច្ចឆ្លើយតបទៅនឹងការអញ្ជើញ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានទទួលយកការអញ្ជើញនេះ ដោយលោកយល់ថាសន្និសីទនេះ មានសក្ដានុពលច្រើន ក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។
លោករដ្ឋមន្ដ្រី បន្តទៀតថា ប្រទេសអាល្លឺម៉ង់ជាប្រទេសឧស្សាហកម្មធំមួយក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ ដូចនេះនៅក្នុងសន្និសីទនេះ លោករំពឹងថា នឹងបានជួបធុរជនកំពូលនៃក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យអាទិភាពមួយចំនួន ដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី (ក្រុមហ៊ុនអាល្លឺម៉ង់មានជំនាញផលិតម៉ាស៊ីន Hydro-Turbine) គ្រឿងផ្សំរថយន្ត កង់រថយន្ត។ល៕