(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូក្រសួងផែនការដឹកនាំដោយលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានចុះសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំង នគរបាលជាតិសម្ព័ន្ធមេត្រីភាពវរសេនាតូចលេខ៣១០ និងលេខ៨២៣។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ទេសរដ្ឋមន្រ្តី ឆាយ ថន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកតិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ច ដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកងទ័ព នគរបាល ដែលកំពុងឈរជើងការពារព្រំដែន និងសូមថ្លែងកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហាន បងប្អូនកងទ័ពឈរជើងការពារព្រំដែនរបស់យើង ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ការពារព្រំដែន ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារព្រះ មហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជានៃយើង។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង បានកំពុងតែរីកចំរើន លូតលាស់ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អាស្រ័យដោយកត្តាសុខសន្តិភាព ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ដើរលើផ្លូវត្រូវ មិនដូចជនបុគ្គល និងក្រុមអគតិមួយចំនួននិយាយឃោសនា ភូតកុហកនោះទេ។ កម្ពុជា ជាប្រទេសឯករាជ្យ បូរណភាពទឹកដី និងមាននិតិរដ្ឋ គ្មានបរទេសណាអាចមកបង្គាប់ បញ្ជារបាននោះទេ»។
សម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ ដែលបានពាំនាំមកជូននេះសុទ្ធសឹងជាសណ្តានចិត្ត ទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ក្រុមការងារសហភាពសហព័ន្ធយុវជនវិស័យផែនការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងផែនការទាំងមូល ដើម្បីជាការតបស្នង ដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលី សាច់ស្រស់ ឈាមស្រស់ លះបង់គ្រប់បែបយ៉ាង សម្រាប់ព្រះរាជាណាចក្រកម្ពុជានៃយើង មានសុខសន្តិភាព ការអភិវឌ្ឍន៍ ការពារអធិបតេយ្យភាពរបស់កម្ពុជា និងដើម្បីបង្ហាញពីការរឹតចំនងមិត្តភាព សាមគ្គីភាព ការយកចិត្តទុកដាក់ ពីសមរភូមិក្រោយ ចំពោះសមរភូមិមុខ ដែលត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មិនអាចកាត់ផ្តាច់បាន។
លោក ឆាយ ថន ក៏បានឧបត្ថម្ភថវិកាដល់២អង្គភាព ដោយ១អង្គភាពចំនួន៤លានរៀល នគរបាលចំនួន៣១០នាក់ មួយនាក់ ៣ម៉ឹនរៀល ត្រីងៀត៣៦០គីឡូក្រាម មី៣៦០កេសតូច និងឧបត្ថម្ភអធិការនគរបាលស្រុកសំឡូត ចំនួន១លានរៀលផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី២០ហើយ ដែលគណៈប្រតិភូក្រសួងផែនការ បាននាំយកអំណោយជូនអង្គភាពទាំងពីរ៕