(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៧៧៦គ្រួសារ ស្មើនឹង ១៣៥១ ប័ណ្ណ ដែលរស់នៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរាជរដ្ឋាភិបាលកម្ពុជា និងមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់ប្រសើរឡើង។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិនេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ, លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ នៅពថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ចំពោះដីសម្បទានដែលបានបែងចែកជូនក្នុងមួយគ្រួសារមានទំហំ ៣០ម៉ែត្រ គុណ៤០ម៉ែត្រ សម្រាប់លំនៅដ្ឋាន និងមានទំហំ ១,៥ហិចតា ទៅ ៣,៥ហិចតា សម្រាប់ធ្វើកសិកម្ម ដែលបានរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលរហូតរយៈពេល ៥ឆ្នាំហើយ។
ការរៀបចំពិធីនេះចែកវិញ្ញាបនបត្រនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋបានទទួល និងប្រើប្រាស់ដីលំនៅដ្ឋាន ដីកសិកម្មសមស្របទៅតាមលក្ខខណ្ឌដែលមាន ចែងនៅក្នុងអនុក្រឹត្យលេខ១៩ ស្តីពីសម្បទានដីសង្គមកិច្ច និងប្រកាសលេខ២០០ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម ស្តីពីគោលការណ៍ណែនាំអនុវត្តអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ានទី២។
បន្ទាប់ពីចែកវិញ្ញាបនបត្រជូនពលរដ្ឋរួចលោកទេសរដ្ឋមន្ត្រី ក៏បានសម្ពោធសមិទ្ធផលនានានៅស្រុកសន្ទុក រួមមាន៖ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន មណ្ឌលសុខភាព អគារសហគមន៍ ផ្លូវជនបទ និងអណ្តូងដែលត្រូវបានស្ថាបនា និងកសាងដោយគម្រោងបែងចែកដីសម្បទានដីដើម្បីសង្គមកិច្ច និងអភិវឌ្ឃសេដ្ឋកិច្ចជំហ៊ានទី២ នៅក្នុងសម្បទានដីសង្គមកិច្ចនោះផងដែរ។
ប្រជាពលរដ្ឋទទួលបានដីសម្បទាននិកទាំងអស់ បានសម្តែងសេចក្តីត្រេកអរជាខ្លាំង ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្តម្ភដល់ពួកគាត់៕