(កំពង់ធំ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជួបសំណេះសំណាល ជាមួយព្រះសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាចារ្យ សមាគមគ្រីស្ទសាសនិក ឥស្លាមសាសនិក ទូទាំងខេត្តសៀមរាប។
កិច្ចសំណេះសំណាលដែលធ្វើនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រមាណជាង ៦២០អង្គ/នាក់ នៅវត្តឥន្រ្ទីយ៍សំវរ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ត្រូវសាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក ក្នុងចំណោមសហគមន៍សាសនាទាំងអស់ ដែលកំពុងគោរព និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។
ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូលបំពេញការងាដោយគោរពតាមឋានានុក្រម និងត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ថ្នាក់ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឲ្យបានសមស្រប និងមានប្រសិទ្ធភាព និងរៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
បន្ថែមពីនេះ ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណៈ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលមានអភិបាលខេត្តជាប្រមុខ ហើយត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ ទៅក្រសួងធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
ទន្ទឹមនឹងនេះទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ អំពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាល គោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អ ដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា។
ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីផលលំបាក នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ នៅឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរណ៍៕