(ព្រះវិហារ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូសាលាខណ្ឌទាំង១២ មកដល់តំបន់ប្រាសាទព្រះវិហារ ដើម្បីនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនលានរៀលមកចែកជូនមន្រ្តីយោធា ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់សមរភូមិប្រាសាទព្រះវិហារ ដែលបានចងសម្ព័ន្ធភាពរវាងសមរភូមិជួរមុខ និងសមរភូមិខាងក្រោយជាច្រើនឆ្នាំកន្លងមកនេះ។
ពិធីចែកជូនមន្រ្តីនាយទាហាន ពលទាហាន បានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៣ ស្ថិតនៅតំបន់អូរជុញ ភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍គណៈប្រតិភូ ពីសំណាក់នាយឧត្តមសេនីយ៍ អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំមកនាពេលនេះ រួមមានជូនកងពលធំអន្តរាគមនលេខ៣ ចំនួន៤០លានរៀល។ មេបញ្ជាការមួយរូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង២៩នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺនរៀល នាយសេនាធិការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរងវរសេនាតូច មេបញ្ជាការ មេបញ្ជាការកងអនុសេនាធំ អនុសេនាតូច៣៥៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល នាយទាហាន ពលទាហាន៥៩៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។
គ្រឿងឧបភោគ បរិភោគ មានមីចំនួន៣០០កេសតូច ទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកសុទ្ធចំនួន៦០០កេស ប្រេងម៉ាស៊ូត ១០០០០លីត្រថ្នាំពេទ្យ២២មុខ។
កងពលតូចអន្តរាគមន៍លេខ៩ ចំនួន៤០លានរៀល ក្នុងនោះមេបញ្ជាការមួយរូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង១៨នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល នាយសេនាធិការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរងវរសេនាតូច១៥២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។ នាយ និងពលទាហាន១២២៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។ គ្រឿងឧបភោគ បរិភោគ មានមីចំនួន៥០០កេសតូច ទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកសុទ្ធចំនួន៩០០កេស ប្រេងម៉ាស៊ូត ៥០០០លីត្រ។
វរនគរបាលការពារព្រំដែន៧៩៣ ចំនួន១០លានរៀល ក្នុងនោះមេបញ្ជាការមួយរូប ប្រចាំទិសភូមិភាគ៤ម្នាក់ ទទួលបានថវិកាចំនួន៦សែនរៀល មេបញ្ជាការម្នាក់៤សែនរៀល មេបញ្ជាការរង៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល នាយ និងពលនគរបាល២៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។ គ្រឿងឧបភោគ បរិភោគ មានមីចំនួន១០០កេសតូច ទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន៤០០កេស។
មេបញ្ជាការដ្ឋានអង្គរក្ស ទទួលបានថវិកា៤០លានរៀល គ្រឿងឧបភោគបរិភោគ មានមីចំនួន២៥០កេសតូច ទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន៦០០កេស។ អគ្គបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារ ទទួលបានថវិកាចំនួន៥លានរៀល និងវត្តឧត្តមសែនជ័យ (នៅកងពលតូចអន្តរាគមន៍លេខ៩) ទទួលបានថវិកាចំនួន៣លានរៀល៕