(ភ្នំពេញ)៖ សពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានបូជាតាមប្រពៃណី នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ នៅមុខវត្តបុទុមតី។ ពិធីបូជានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាអ្នកផ្ដល់ភ្លើងសម្រាប់បូជាសព។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕